ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣បន្ថែមទៀត ខណៈទុនវិនិយោគមានជាង ៨.៥លានដុល្លារ ព្រមទាំង អាចបង្កើតការងារជាច្រើនកន្លែង ផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចជា ៖
ទី១-NEW T&K TEXTILE CO., LTD : គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុន វិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

ទី២-YUAN SHEN TAI CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។

និងទី៣-FORTUNE BROAD FOOTWEAR CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង៕

