នយោបាយ

លោក អ៊ូ ច័ន្ទរ័ត្ន ដាក់ចេញយុទ្ធសាស្រ្ត​ ដណ្តើមសន្លឹកឆ្នោត និងប្រមូលអ្នកប្រឆាំង មកជាធ្លុងមួយ ក្រោយទទួលភ្លើងខៀវ ពីក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្នុងនាមតំណាង ឲ្យគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ក្រោយទទួលបានភ្លើងខៀវ ពីក្រសួងមហាផ្ទៃ ឲ្យចុះបញ្ជីគណបក្ស នយោបាយជាផ្លូវការ ទៅតាមច្បាប់ បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត និងដាក់ចេញគោលដៅប្រមែប្រមូល ក៏ដូចជាគៀងគរ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ទៅបង្កើតបក្សផ្សេងទៀតមកជាធ្លុងមួយ។

ក្រសួងមហាផ្ទៃកាលពីថ្ងៃ១៥ កញ្ញា បានចុះឈ្មោះ គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងចូលទៅក្នុងបញ្ជី គណបក្សនយោបាយ ។

លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៦ កញ្ញាថា គណបក្សបានភ្លើងខៀវពីក្រសួងហើយ ដូច្នេះលោកនឹងពិនិត្យលើផែនការ សកម្មភាព ក៏ដូចជាការដាក់ចេញយុទ្ធសាស្រ្ត ប្រកួតប្រជែងដណ្តើយសន្លឹកឆ្នោត ។

លោកបញ្ជាក់ថា “យើងនឹងចាប់ផ្តើមពិនិត្យមើលលើផែនការ សកម្មភាពរបស់យើង ហើយយើងនឹងអនុវត្តន៍នៅតាមមូលដ្ឋាន ដើម្បីស្ទាបស្ទង់ការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធនៅតាមមូលដ្ឋាន តើមានកម្រិតប៉ុណ្ណា ។ ក្នុងរយៈពេល២ទៅ៣ខែទៅមុខ យើងនឹងអាចវាយតម្លៃថា ការគាំទ្រប៉ុណ្ណា ហើយមានអ្នកចូលរួមដើម្បីប្រកួតប្រជែងក្នុងឃុំ-សង្កាត់ប៉ុណ្ណា ហើយយើងនឹងរៀបចំយុទ្ធសាស្រ្តប្រកួត ប្រជែងរបៀបម៉េច?”
លោកបន្តថា មួយទៀតគឺលោកមិនបោះបង់ចោលគំនិត ដែលមានឆន្ទះចង់បង្រួមបង្រួលអ្នកប្រឆាំង ដែលចេញទៅបង្កើតបក្សថ្មី មកជាធ្លុងមួយនោះទេ ។ លោកថា ជំហានដំបូងទាក់ទងទៅពួកគេ បើមានការយល់ព្រម នឹងពិភាក្សាគ្នាពីការរួបរួមនេះ។

លោក អ៊ូ ច័ន្ទរ័ត្ន នាពេលកន្លង មកមានបំណងប្រមូលគៀងគរ អតីតមន្រ្តីនៃអតីត CNRP បានទៅបង្កើតបក្សផ្សេងទៀត មកជាធ្លុងមួយ ដើម្បីប្រកួតជាមួយគណបក្ស ប្រជាជនកម្ពុជា នាពេលបោះឆ្នោតឃុំ-សង្កាត់ និង ថ្នាក់ជាតិនៅឆ្នាំ២០២២ និង២០២៣ខាងមុខ ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានឲ្យដឹងថា ការចង់ចងសម្ព័ន្ធភាព រវាងគណបក្សបង្កើតថ្មី នឹងមិនធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជាព្រួយបារម្ភនោះទេ ដោយសារលោកអះអាងថា កម្លាំងចងសម្ព័ន្ធភាពនេះ មិនមានអ្វីប្លែកទេ គឺស្ថិតនៅក្នុងកម្លាំងចាស់ ដែលធ្លាប់ចាញ់ កន្លងទៅរួចហើយ ៕

To Top