ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច កោះហៅឱ្យចូលខ្លួន មកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានផុសវីដេអូ លើបណ្ដាញសង្គម TikTok ជេរប្រមាទមើលងាយមកលើសមត្ថកិច្ច ដែលកំពុង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

យោងតាមស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា បុរសខាងលើ បានបង្ហោះវីដេអូ ដែលបានចុះផ្សាយ ក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារ ជេប្រមាថមើលងាយ យ៉ាងធ្ងន់ធ្ងរមកលើ សមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ ការបង្ហោះព័ត៌មានមិនពិត មានលក្ខណ:មើលងាយមកលើ សមត្ថកិច្ចនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើបងៗ សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយ ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃផែនការងារ សន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បាន អត្តសញ្ញាណ ជនដែលបង្ហោះព័ត៌មានប្រមាថ មកលើសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន ដើម្បីទទួលកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ ជាពិសេសគឺបានថតជាវីដេអូ ដើម្បីធ្វើការសុំទោស ជាសាធារណៈ ចំពោះទង្វើ ដែលសង្គមស្អប់ខ្ពើមនេះផងដែរ ៕

