ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅសារព័ត៌មានអូស្ដ្រាលីថា កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនជាងបណ្ដាប្រទេសដទៃ ដោយសារគ្រប់គ្រង និងការបញ្ជាចាក់វ៉ាក់សាំងដោយត្រឹមត្រូវបំផុត ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីសារព័ត៌មានអូស្ដ្រាលី នាពេលថ្មីៗ បានចុះផ្សាយថា កម្ពុជា ជិតស្និតជាមួយប្រទេសចិន បានចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក។
ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «នៅក្នុងការគ្រប់គ្រង ក្នុងការបញ្ជាចាក់វ៉ាក់សាំង វ៉ាក់សាំងនេះវានឹងរាយប៉ាយដែរ មិនមែនមកពីយើងជិតស្និតជាមួយចិន ទើបវ៉ាក់សាំងចាក់បានច្រើនជាងគេលើពិភពលោក ។ ក្នុងទីក្រុងនេះ មកពីកម្រិតនៃការបញ្ជា ។ បើបានវ៉ាក់សាំង យើងចែកកន្លែងនេះបន្ដិច កន្លែងនោះបន្ដិច អាភាពស៊ាំវាអត់មាន»។

នាឱកាសនោះ សម្តេចតេជោ ក៏បានប្រកាសថា នាថ្ងៃទី ២៤ កញ្ញា ខាងមុខនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់ចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមក ៣លានដូសទៀត។
សម្តេចតេជោ បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ។ ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុប ចំនួន ៩លានដូស។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១១,៥២៧,០៣៣នាក់៕

