ចិន បញ្ជូនអ្នកបច្ចេកទេស មកសិក្សា ផ្លូវជាតិលេខ៣ ដែលខូចខាតជាង ២០គីឡូម៉ែត្រ
ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា នឹងបញ្ជូនអ្នកបច្ចេកទេស មកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០ គីឡូម៉ែត្រ ព្រមទាំង ជំរុញការសាងសង់ ផ្លូវជាតិលេខ៧១C ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ។
ក្នុងជំនួបសន្ទនាគ្នា និងរៀបចំអាហារការងារ ពេលព្រឹកជូនលោក វ៉ាង យី ទីប្រឹក្សារដ្ឋ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើង ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់ផ្លូវជាតិ លេខ៧១C គម្រោងពង្រីក និងលើកកម្រិត ផ្លូវជាតិលេខ៤១ លេខ៣៣ លេខ៣១ និងផ្លូវជាតិលេខ៣។ ជាងនេះទៅទៀត គម្រោង ប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំង ការកសាងខ្សែកាប្លិ៍ អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធ អ៊ីនធឺណេតនៅកម្ពុជា ។
ជាការឆ្លើយតប លោក វ៉ាង យី បានជំរុញការសាងសង់ផ្លូវជាតិលេខ៧១C ហើយលោកអះអាងថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាត ប្រវែង២០គីឡូម៉ែត្រ ។ ជាមួយគ្នានេះ លោកបានយកចិត្តទុកដាក់ និង ជំរុញបន្ថែមទៀត លើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ។
ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបាន ចំនួន ៦១៥.៦១២តោន, ចេក ចំនួន២៧២.០២៣តោន និងស្វាយ ចំនួន២១១តោន រយៈពេល៨ ខែកន្លងមក ដែលជាការរួមចំណែក ដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេស រួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ នឹងជួយដល់ពលករ ដែលត្រលប់មកពីប្រទេសថៃ បានប្រកបការងារកសិកម្ម ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យចិនជួយទិញ កសិផលកម្ពុជាបន្ថែមទៀត ជាពិសេស ផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម៕
សោកស្ដាយ! និស្សិតខ្មែរម្នាក់ បានស្លាប់ នៅទីក្រុងធានជីង ប្រទេសចិន
ភ្នំពេញ៖ និស្សិតខ្មែរ មួយរួប ដែលសិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន បានទទួលមរណភាព នៅវេលាម៉ោង ៤៖៤០ នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ។
យោងតាមសាររំលែកទុក្ខ របស់សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា មរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន ដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ ។
សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា គួច ជា ដារីកា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
នាយឧត្តមសេនីយ៍ វង្ស ពិសេន ឲ្យកងទ័ពបញ្ឈប់ ស្នើសុំប័ណ្ណខេមរភូមិន្ទ បំពាក់រថយន្ដឯកជន ទោះយកមកបម្រើ អង្គភាពក៏ដោយ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានណែនាំឲ្យកងទ័ពបញ្ឈប់ការស្នើសុំប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្ដឯកជន ទោះបីយករថយន្ដនោះ មកបម្រើការងារក្នុងអង្គភាពក៏ដោយ ។ លោកក៏បានឲ្យយករថយន្ដ មិនទាន់បង់ពន្ធនាំចូល ត្រូវប្រញ៉ាប់បង់ពន្ធជូនរដ្ឋ ។
យោងតាមសេចក្ដីណែនាំ របស់អគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាឲ្យកង យោធពលខេមរភូមិន្ទទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ របស់រាជរដ្ឋាភិបាល លើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ផ្លាកលេខខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា «បញ្ឈប់រាល់ការស្នើបណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្តាំកែទៅជាចង្កូតឆ្វេង ។ រីឯរថយន្ត ចង្កូតឆ្វេងដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា»។
នាយឧត្តមសេនីយ៍បន្ដថា ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបន្តប្រើប្រាស់ដោយខុសច្បាប់ ការផ្ទេរដោយការធ្វើអំណោយ ការជួល ឬការលក់រថយន្តផ្លាកលេខ ខេមរភូមិន្ទទៅឲ្យអ្នកដទៃ។ ប្រសិនបើរកឃើញថា មានហេតុការណ៍ ខាងលើនេះ កើតមានឡើង យោធិននោះនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។
យោងសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន ដែលជ្រកក្រោមផ្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់គយ៕
លោក សយ សុភាព ៖ គ្មានការចរចាទេ ព្រោះបានពុះចែកគ្នាដាច់ម្ខាងចិន ម្ខាងអាមេរិក
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនលោក សយ សុភាព បានលើកឡើងពីភូមិសាស្រ្តនយោបាយនៅកម្ពុជាថា “គ្មានទេការចរចា ហើយបានពុះចែកគ្នា ដាច់ម្ខាងចិន ម្ខាងអាមេរិក”។
លោកថា “មូលហេតុគ្មានការចរចាដោយសារ ខ្មែរជាស្ថាបនិកបង្កើតប្រ៊ីជាមួយចិនឆ្នាំ២០១៣ ហើយអ្នកប្រឆាំងនយោបាយប្រ៊ីដោយប៉ុន្នានថ្ងៃនេះ យកវេទិកាជួបជុំវាយប្រហារចិនសម្បើមណាស់ និងអ្នកកាន់អំណាច នៅភ្នំពេញពីសហរដ្ឋអាមេរិក” ។
លោក សយ សុភាពបន្តថា លោកធ្លាប់បាននិយាយហើយ អាមេរិកបាននិងកំពុងប្រឆាំងចិន និងសម្ព័ន្ធមិត្តរបស់ចិន ហើយកំពុងរិះរកធម្យោបាយដោះដូរ ក្រោយពីគម្រាមលែងខ្លាច។
លោកឲ្យដឹងទៀតថា ប្រវត្តិសាស្ត្រ អាមេរិកបណ្តុះបណ្តាលលោក សម សារី ឪពុក លោក សម រង្ស៊ីឲ្យប្រឆាំងសម្តេចសីហនុ ដូច្នេះនយោបាយអាក្រក់បែបនេះ បាននិងកំពុងបន្ត។
លោកបន្ថែមថា “ដូច្នេះ ប្រ៊ី និងឥណ្ឌូប៉ាស៊ីហ្វិក ប្រៀបដូចទឹក និងប្រេង។ ហេតុនេះ ម្ខាងចិន ម្ខាងអាមេរិកពិតជាគ្មានការចរចាទេ ហើយក៏គ្មានវិបត្តខ្មោចអីដែរ។ ពេលនេះអាមេរិកមិនមែនបងធំ ឬជើងកាងពិភពលោកទេ” ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ីបានអត្ថាធិប្បាយពីសហរដ្ឋអាមេរិក ពីការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ក្នុងកិច្ចពិភាក្សាផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ តាមប្រព័ន្ធអ៊ីនធើណេត (Zoom) កាលពីថ្ងៃ ៩ កញ្ញា ២០២១” ។ ក្នុងន័យនេះ លោកសម រង្ស៊ីចង់បង្ហាញខ្លឹមសារនៃការចរចាគ្នា ៕
នាយករដ្ឋមន្រ្តី ប្រកាសចាក់វ៉ាក់សាំង ជូនកុមារ អាយុ៦-១២ឆ្នាំ ដើម្បីអាច បើកសាលារៀន ថ្នាក់បឋម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។
សម្តេចថា ចាក់នេះ គឺក្នុងគោលដៅកុមារ ជាងមួយលាន៨ សែន នាក់។
សម្តេចតេជោបន្តថា “បើយើងមិនចាក់ជូនកុមារទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យដល់វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក” ។
ការសម្រេចចាក់វ៉ាក់សាំងនេះ ត្រូវបានសម្តេចតេជោអះអាងថា ដោយសារប្រទេសមួយចំនួនបានសិក្សាអំពីលទ្ធភាពនៃការចាក់នេះ ពីក្មេងក្រោមអាយុ១២ឆ្នាំដែរ ដូច្នេះអត់មានអ្វីត្រូវពិបាកទេដោយសារកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃរួចជាស្រេច។
សម្តេចនាយករដ្ឋមន្រ្តីថា បន្ទាប់ពីបញ្ចប់នៃយុទ្ធការការចាក់វ៉ាក់សាំងឲ្យកុមារពី៦ទៅ១២ឆ្នាំហើយ នឹងបន្តយុទ្ធនាការចាក់ឲ្យកុមារពី៣ទៅ៦ឆ្នាំផងដែរ ដើម្បីឈានទៅដល់ការបើកសាលាទាំងអស់តែម្តង។
ក្នុងឱកាសនោះ សម្តេចតេជោបានឲ្យអាជ្ញាធរគ្រប់ខេត្ត និងអ្នកពាក់ព័ន្ធត្រៀមលក្ខណៈសម្រាប់ការចាក់វ៉ាក់សាំងឲ្យកុមារពី៦ទៅ១២ឆ្នាំ ដោយសំខាន់ត្រូវត្រៀមក្រុមគ្រូពេទ្យ។
ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចតេជោនឹងអញ្ជើញបើកនៅក្នុងវិមានសន្តិភាព ហើយនឹងធ្វើសន្និសីទសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
លោកស្រី ឱ វណ្ណឌីន ៖ ពលរដ្ឋ ពិបាកធ្វើដំណើរ មកចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមគ្រូពេទ្យ នឹងទៅចាក់ដល់ផ្ទះតែម្ដង
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់ក្រុមគ្រូពេទ្យ ត្រូវយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋ នៅតាមផ្ទះ បើសិនពួកគាត់ពិបាក ធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំង ដែលរៀបចំ ដោយអាជ្ញាធរមូលដ្ឋាន។
ក្នុងពិធីបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តកោះកុង ដែលប្រារព្ធធ្វើឡើង នៅមន្ទីរសុខាភិបាលខេត្តកោះកុង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា គោលដៅចាក់វ៉ាក់សាំង ១០លាននាក់ បានរំកិលខ្លួនជិតគោលដៅហើយ។ ដូច្នេះ នៅសល់ប្រជាពលរដ្ឋបន្ដិចបន្ដួច ខណៈ គ.វ.ក-១៩ ជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រង់ស្ថិតប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំង និងមិនទាន់មកចាក់វ៉ាក់សាំង ឲ្យបានច្បាស់លាស់ ។
លោកស្រីរៀបរាប់ថា មានប្រជាពលរដ្ឋមួយចំនួន មិនអាចចាក់វ៉ាក់សាំងបាន ដោយសារស្ថានភាព និងសុខភាពរបស់គាត់ និងកត្ដាផ្សេងៗជាដើម ទើបពួកគាត់មិនអាច ធ្វើដំណើរមកវ៉ាក់សាំងបាន ដូចជា ផ្ទះគាត់ឆ្ងាយពេក ឬខ្វះមធ្យោបាយ ធ្វើដំណើរ។
លោកស្រីបញ្ជាក់ថា «គ.វ.ក-១៩ បានណែនាំរួចទៅហើយ សូមឲ្យរដ្ឋបាលខេត្ដទាំងអស់ ធ្វើកិច្ចការនេះដោយ យកចិត្ដទុកដាក់ ដើម្បីជំរុញធ្វើយ៉ាងម៉េច ឲ្យយើងគ្រប់ តាមគោលដៅកំណត់របស់យើង (គោលដៅ១០នាក់) ដោយយើងចេះបន់បែន ។ ទន្ទឹមនឹងយើងមាន ទីតាំងចល័តហើយ ក៏ប៉ុន្ដែយើងត្រូវ មើលទៅលើ ស្ថានភាពជាក់ស្ដែង ប្រសិនបើមានគ្រួសារណា ដែលគាត់នៅឆ្ងាយ មិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន ចឹងយើងត្រូវតែបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីឲ្យទៅចាក់ជូនគាត់ ដល់ទីតាំងរបស់ពួកគាត់តែម្ដង»។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១១,៤៨៩,៦៦១នាក់៕
អាមេរិក បន្តក្រឡុកបញ្ហា កំពង់ផែរាម ទោះបីមានការបញ្ជាក់ ជាច្រើនលើក ពីកម្ពុជា
ភ្នំពេញ៖ មិនមែនជាបញ្ហាថ្មីនោះទេ ដែលប្រទេសមហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរ លើបញ្ហាកំពង់ផែរាម ដោយបានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឱ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្ដែង នៅក្នុងជំនួបជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១៥ កញ្ញាម្សិលមិញ លោក លោក ផាក ទ្រីតម៉ាហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងជាថ្មីម្ដងទៀត នូវការព្រួយបារម្ភ ចំពោះការកសាងមូលដ្ឋានរាម របស់កម្ពុជា។
ជុំវិញករណីនេះ ត្រូវបាន សម្ដេច ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាម ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងអន្តរជាតិ»។
សម្ដេចបន្តថា «កន្លងមក តបតាមការស្នើសុំ របស់ស្ថានទូត និងការិយាល័យ អនុព័ន្ធយោធាអាមេរិក ប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូន នាយទាហាន ដឹកនាំក្រុមការងារ ចូលរួមបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ហាការ សន្តិសុខលម្ហសមុទ្រថ្មី ០២លើក បានដំណើរការ ប្រកបដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រការនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ ជូនប្រជាជនកម្ពុជានិងអន្តរជាតិ នូវគោលជំហរនយោបាយ ការទូតកម្ពុជា នៅតែរក្សាសន្តិសហវិជ្ជមាន ជាមួយប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរ ថែមទៀត»។
សម្ដេច ក៏បានប្រាប់ទៅកាន់ភាគីអាមេរិក ផងដែរថា ក្រសួងការពារជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្របេសកកម្មការទូត យោធាជាមួយអនុព័ន្ធយោធាថ្មី ដើម្បីពង្រឹងទំនាក់ ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងការរីកចម្រើន។
សម្តេចពិជ័យសេនា និងលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែ មានភាពរីកចម្រើន ថែមទៀត។
បន្ថែមពីលើ នេះ លោក ផាក ទ្រីតម៉ាហ្វី (Patrick Murphy) បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យរក្សា សន្តិភាព វិស័យសន្តិសុខរួមប្រឆាំងអំពើ ភេរវកម្ម វិស័យបោសសម្អាតនៅកម្ពុជា ប្រតិបត្តិការស្វែងរកអដ្ឋិធាតុកងទ័ពសហរដ្ឋ អាមេរិកនៅកម្ពុជា៕
សម្តេចតេជោ ៖ សូមកុំយល់ខុសថា ខ្ញុំចូល Zoom ជាមួយអតីតមន្រ្តីអតីតបក្សប្រឆាំង ជាការផ្តល់សញ្ញាចរចា តែចង់បញ្ជាក់ថា មនុស្សរបស់ហ៊ុន សែន មានគ្រប់កន្លែង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលមានឥទ្ធិពលខ្លាំង បានចេញមកបញ្ជាក់ជាលើកដំបូង ទៅក្រុមអតីតមន្រ្តីនៃអតីតគណបក្សប្រឆាំងថា ការសម្តេចចូលក្នុងកិច្ចប្រជុំតាម Zoom ជាមួយពួកគេនោះ គឺមិនមែនជាសញ្ញាចរចានោះទេ ដូច្នេះកុំសង្ឃឹមថា មានកិច្ចចរចាអ្វីមួយនោះទេ គ្មានទេ ។
សម្តេចតេជោបានបញ្ជាក់សង្កត់ធ្ងន់ៗថា ការចូលទៅជជែកក្នុងកិច្ចប្រជុំជាមួយមន្រ្តីអតីតបក្សប្រឆាំងនោះ ដើម្បីគ្រាន់តែផ្ញើសារទៅលោក សម រង្ស៊ីថា ឲ្យភ្លឺភ្នែកថា ទីកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ ដូច្នេះសម្តេចបានព្រមានថា ត្រូវប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ ។
នេះជាសាររបស់សម្តេចតេជោ នៅប្រហែលជាមួយម៉ោងមុន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលបានតបខំមិនទៅអាខោនហ្វេសប៊ុកឈ្មោះ Bunchhay San ។
សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិតែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះ គ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ អ្វីដែលត្រូវធ្វើ គឺអ្នកមានទោសត្រូវជាប់គុក២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស” ។
សម្តេចតេជោបន្តថា សម្រាប់ដំណើការនយោបាយកម្ពុជាបាននិងកំពុងឈានទៅបោះឆ្នោតឃុំ-សង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយទាំងគណបក្សចាស់និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។
សម្តេចសង្កត់ធ្ងន់បន្តថា “សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចរចាឲ្យសោះ តែការចូលទៅនោះ ចង់ជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ហ៊ុន សែនដែរ ។ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ” ។
សម្តេចនាយករដ្ឋមន្រ្តីបានបន្តផ្ញើសារទៀតថា “សូមឈប់ស្រមើស្រម៉ៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ ហ៊ុន សែននឹងលើកលែងទោសឲ្យ ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយហ៊ុន សែនខ្លាចអន្តរជាតិ។ល។”។
សម្តេចតេជោ បានបង្ហាញការសង្ឃឹមថា “ការបកស្រាយនេះ នឹងធ្វើឲ្យអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពីហ៊ុន សែន ឬហ៊ុន សែនភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំ អស់ប៉ុន្មានថ្ងៃក្រោយ zoom” ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្នុង Zoom បានធ្វើឡើងកាលពីថ្ងៃ៩ វិច្ឆិកា ប៉ុន្តែវិដេអូជាង១៣នាទីដែលសម្តេចចូលZoom នោះ បានបែកធ្លាយកាលពីថ្ងៃ១៣ កញ្ញា ។ កិច្ចប្រជុំសង្ងាត់នេះ មានលោក ឡុង រី ជាអ្នកដឹកនាំកិច្ចប្រជុំ ជាមួយក្រុមយុវជនរបស់អតីតបក្សប្រឆាំង ពីអាមេរិក ។ ក្នុងនោះលោក ឡុង រី បានបើកក្បាលនិយាយបានប៉ុន្មាននាទី សម្តេចតេជោក៏បានចូលទៅដែរ ដោយបានហៅឈ្មោះឡុង រីយ៉ាងច្បាស់។ ពេលនោះលោក ឡុង រីក៏បានឆ្លើយយ៉ាងស្រទន់មកសម្តេចវិញផងដែរ ។
ក្នុងពេលចូល Zoom នោះ សម្តេចបានផ្ញើសារទៅកាន់លោក សម រង្ស៊ីតាមរយៈលោក ឡុង រីដែលជាមនុស្សជំនិតរបស់លោកសម រង្ស៊ីថា ឲ្យឈប់វប្បធម៌ធ្វើនយោបាយជេរបញ្ចោគ្នាទៅ។ លោក ឡុង រី តបថា ចំពោះលោកផ្ទាល់មិនដែលបានធ្វើសកម្មភាពនយោបាយបែបនេះទេ តែសម្តេចថា លោកអត់ បានធ្វើ តែមេលោកឯង ជាអ្នកធ្វើ ។
ក្រោយពីឃើញបែកធ្លាយវិដេអូនេះ អតីតមន្រ្តីបក្សប្រឆាំងដែលមាននិន្នាការមកខាងលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងអ្នកវិភាគផ្សេងទៀតបានចេញមកបញ្ចេញមតិយោបល់លើរឿងនេះថា ជាសញ្ញាល្អនៃការឈានទៅដល់ការចរចាគ្នា ដើម្បីបញ្ចប់ជំលោះនយោបាយរវាងសម្តេចតេជោ និងលោក សម រង្ស៊ី ។
អ្វីដែលសំខាន់នោះ ខាងក្រុមលោក កឹម សុខា បានគិតពិចារណាថា សម្តេចចូលក្នុង Zoomនេះ បាន ពិតជាមានអ្នកឲ្យលេខកូដហើយ ទើបចូលបាន ៕
នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំទៅ លោកបណ្ឌិត មាស នី និងលោក សេង សារី ប្រយ័ត្នខ្លួនចំពោះការវិភាគ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដ៏មានឥទ្ធិពលខ្លាំងបានផ្ញើសារទៅលោកបណ្ឌិត មាស នី និងលោក សេង សារី អំពីការវិភាគរបស់ខ្លួន។
លោក មាស នីបានវិភាគអំពីប្រសាសន៍របស់សម្តេចតេជោ ដែលសម្តេចថា បើមិនឲ្យសម្តេចពឹងចិនតើទៅពឹងអ្នកណា ។ លោក មាស នីបាននិយាយថា “សម្តេចនិយាយថា ទៅពឹងចិននេះមិនសមស្របតាមស្ថានការណ៍” ។ ចំណុចនេះ សម្តេចតបទៅ លោក មាស នីថា ឲ្យតែសម្តេចនិយាយជាមួយចិនគឺខុសទាំងអស់។
ចំពោះលោក សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មីក៏បានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលសំខាន់លើកឡើង គឺត្រង់លោកគាំទ្រការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យក្មេងពី៦ទៅ១២ឆ្នាំនាថ្ងៃ១៧ កញ្ញានេះ សម្តេចតេជោបានមានប្រសាសន៍ថា “មាស នី ឲ្យតែយើងធ្វើអីជាមួយចិនគឺខុសទាំងអស់ ដោយយើងផ្អាកជាមួយប្រទេសផ្សេងទាំងអស់ តែយើងអត់ផ្អាកចិន គាត់(មាស នី)ថ្នាំងថ្នាក់” ។
សម្តេចតេជោបន្តថា “បើផ្អាកចិន គឺបិទច្រមុះខ្លួនឯង គឺច្រកមានចិន និងកូរ៉េ ។ បណ្ឌិតមានសិទ្ធិបញ្ចេញមតិហើយ តែបណ្ឌិតគួរកុំព្រហើនពេកលើបញ្ហានយោបាយការបរទេស”។
សម្តេចតជោបន្តថា ប្រជាធិបតេយ្យលើការបញ្ចេញ គឺអស់លោកបាននិងកំពុងបញ្ចេញហើយតែពួកគេនៅទាមទារអ្វីទៀត ។
ចំពោះលោកបណ្ឌិត សេង សារី សម្តេចតេជោបានអះអាងថា លោក សេង សារី នេះ គឺសម្តេចធ្វើអ្វីក៏មិនដែលត្រូវចិត្តលោកទេ គឺលោកមើលមកសម្តេចខុសរហូតរ ។ សម្តេចបន្តថា លោក សេង សារី ក៏មានដីការចាប់ខ្លួនដែរ ដោយសារតែលោកគាំទ្រនូវ៦ចំណុចដើម្បីឲ្យលោក សម រង្ស៊ីមានគម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិ ។
សម្តេចបានផ្ញើសារថា បើក្រុមលោកបណ្ឌិតវិភាគអ្វីហើយសូមវិភាគឲ្យបានត្រឹមត្រូវផង ធ្វើយ៉ាងណាកុំបន្សល់គន្លងចូលគុក។ បើតាមសម្តេច លោក សេង សារី គឺបច្ចុប្បន្នកំពុងនៅថៃ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ឲ្យតែទាក់ទងជាមួយចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លួន បើមិនចាប់ខ្លួនមិនមែនរដ្ឋាភិបាលទេ ។ សូមកុំឲ្យចូលទៅក្នុងគន្លងចូលគុក មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះតែហៅថា រដ្ឋាភិបាល ឬចលនាគឺសុទ្ធតែឧទ្ទាមប្រដាប់អាវុធ” ។
សម្តេចថា “ចាប់វាមកសួរមើលតើ៦ចំណុចហ្នឹង ជាលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្អែងលើកទឹកចិត្តឲ្យបង្កើត ។ ហ្អែងបង្កើត ហ្អែងគុក ។ មិនមែនត្រឹមតែគុកទេណា ដែលហៅថា ចលនាឧទ្ទាមគេបាញ់ផង គេឃើញគេបាញ់” ។
ជាមួយចិនវិញ សម្តេចបកស្រាយថា បើមិនឲ្យសម្តេចទៅពឹងចិនមិនឲ្យពឹងអ្នកណា គឺពួកគេបែរជាមកហាម នាយករដ្ឋមន្រ្តី មិនឲ្យនិយាយទៅវិញ។ ជាមួយគ្នានេះ សម្តេចថា សម្តេចក៏មានសិទ្ធិនិយាយទៅកាន់ភាគីជប៉ុនដូចករណី និយាយទៅចិនដែរ ៕
សម្ដេចតេជោ ប្រកាសថា ពលរដ្ឋកុំទៅទិញប្រដាប់តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួច
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកុំឲ្យប្រជាពលរដ្ឋទៅទិញប្រដាប់ធ្វើតេស្ដ រកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ព្រោះ មនុស្សខ្លះដុះអង់ទីគ័រច្រើន មនុស្សខ្លះទៀត ដុះអង់ទីគ័រតិច។
ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ប្រសើរជាងមិនចាក់វ៉ាក់សាំង។
សម្ដេចតេជោ មានប្រសាសន៍ថា «កុំទៅទិញប្រដាប់ធ្វើតេស្ដរកអង់ទីគ័រ អាហ្នឹងវាមិនឃើញទេ ហើយខ្ញុំហើយ ពេទ្យបូមឈាមខ្ញុំ យកទៅមើល ទាំងខ្ញុំ ទាំងប្រពន្ធខ្ញុំ គឺថា អាអង់ទីគ័រវាតិចបំផុត បានពេទ្យសុំឲ្យខ្ញុំចាក់វ៉ាក់សាំងឲ្យរហ័ស អាស្រ្តាហ្សេនីកា ចឹងដោយមនុស្សទេ គឺមនុស្សខ្លះមានច្រើនទៅ មនុស្សខ្លះមានតិចទៅ ប៉ុន្ដែយើងចាក់វ៉ាក់សាំងប្រសើរជាង យើងមិនចាក់»។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ទោះបី ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក៏ដោយ។ សម្ដេចថា គោលការណ៍របស់រាជរដ្ឋាភិបាល ជាទូទៅ អ្នកចាក់វ៉ាក់សាំង ដូសទី១ ដូសទី២ ហើយ គឺត្រូវដូសទី៣។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតដល់ថ្ងៃនេះសាលារៀនចំនួន២៦៤១ ហើយដែលបានបើកដំណើរការបង្រៀនឡើងវិញ នៅទូទាំងប្រទេស ដោយក្នុងនោះថ្នាក់មតេយ្យ ចំនួន៥៣ បឋមចំនួន១៥០០ អនុវិទ្យាល័យចំនួន៧១៦ និងវិទ្យាល័យចំនួន២៧២សាលា ៕