ភ្នំពេញ ៖ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងស្ដងដារខ្ពស់ មន្ទីរព្យាបាលកុមារដំរី និងតារាចម្រៀង ឆាយ វីរៈយុទ្ធ បានចាប់ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការផ្ដល់សេវាសុខាភិបាល និងការពិនិត្យព្យាបាលជំងឺជូនកុមារនៅកម្ពុជា ប្រកបដោយគុណភាព និងស្ដង់ដារអន្ដរជាតិ ។



ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្ដិការ រវាងមន្ទីរព្យាបាលកុមារដំរី និងលោក ឆាយ វីរៈយុទ្ធ តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត អៀង ហួរ សហស្ថាបនិកមន្ទីរព្យាបាលកុមារដំរីគូសបញ្ជាក់ថា ការសហការគ្នានេះ ដើម្បីពង្រឹងសេវាការព្យាបាលជំងឺជូនកុមារប្រកបដោយស្ដង់ដារខ្ពស់ និងការផ្ដល់សេវាកម្មប្រកបដោយគុណភាព ជាពិសេសគ្រូពេទ្យមានជំនាញច្បាស់លាស់មានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ឲ្យមានការរីកចម្រើនដូចបណ្ដាប្រទេសនានាក្នុងតំបន់ ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មន្ទីរព្យាបាលកុមារដំរីមានទស្សនៈវិស័យវែងឆ្ងាយ នាំយកប្រព័ន្ធព្យាបាលប្រកបដោយសុវត្ថិភាព និងសេវាកម្មចេញពីបេះដូង ដើម្បីចូលរួមចំណែកជួយកុមារឲ្យមានសុខភាពល្អ និងមានបេសកកម្មដ៏មោះមុត ដើម្បីមន្ទីរព្យាបាលកុមារដំរី ក្លាយទៅជាមន្ទីរព្យាបាលឈានមុខគេ ដោយពឹងផ្អែកទៅលើក្រុមវេជ្ជបណ្ឌិតជំនាញៗ និងបូកផ្សំជាមួយការបំពាក់ប្រព័ន្ធក្នុងការព្យាបាល។ ទន្ទឹមនេះ មន្ទីរព្យាបាលកុមារដំរី ក៏ផ្ដល់ជូនសេវាថែទាំសុខភាពកុមារចាប់ពីអាយុ១ឆ្នាំ រហូតដល់១៥ឆ្នាំ តាមរយៈក្រុមគ្រូពេទ្យដែលមានជំនាញឯកទេសផ្នែកជំងឺកុមារច្បាស់លាស់ សេវាត្រួតពិនិត្យសុខភាពកុមារប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងគ្រប់ប្រភេទ តាមស្ដង់ដារអាម៉េរិកាំង និងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក សេវាព្យាបាលកុមារទូទៅ សេវាពិភាក្សា និងតាមដានអំពីការលូតលាស់របស់កុមារ ការទទួលព្យាបាលជំងឺកុមារ ដោយការស្នាក់នៅក្នុងមន្ទីរព្យាបាលបំពាក់ដោយឧបករណ៍ បរិក្ខារពេទ្យគ្រប់គ្រាន់ រួមនឹងបន្ទប់ប្រកបដោយផាសុកភាព និងសេវាសង្គ្រោះបន្ទាន់២៤ ម៉ោង។

លោកវេជ្ជបណ្ឌិតបន្ដថា ដើម្បីធានាឲ្យមានសុវត្ថិភាពខ្ពស់ចៀសផុតពីការចម្លងមេរោគផ្សេងៗពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត មន្ទីរព្យាបាលកុមារដំរី ក៏បានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានធ្វើការបាញ់កម្ចាត់មេរោគនៅក្នុងអគារជាប្រចាំ។ វេជ្ជបណ្ឌិតបន្ថែមថា “យើងនឹងខិតខំអភិវឌ្ឍន៍ផ្នែកបច្ចេកទេសទាំងគុណភាពវេជ្ជបណ្ឌិត រចនាសម្ព័ន្ធ សេវាកម្មឲ្យមានភាពរីកចម្រើនជឿនលឿន ដូចមន្ទីរពេទ្យនានាដូចបណ្ដាប្រទេសនៅក្នុងតំបន់”។

បើតាមលោកវេជ្ជបណ្ឌិត អៀង ហួរដដែល បច្ចុប្បន្ន ប្រទេសជាតិកំពុងទទួលបានសុខសន្ដិភាពពេញលេញ បរិបូរណ៌ និងមានការអភិវឌ្ឍខ្ពស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការទទួលបានសន្ដិភាពនេះ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសវិស័យសុខាភិបាលដែលបង្កឱកាសដល់អ្នកវិនិយោគទុន និងក្រុមវេជ្ជបណ្ឌិតក្នុងការសហការគ្នាបង្កើតមន្ទីរពេទ្យឯកជន សម្រាប់ចូលរួមជួយលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែ មានភាពរឹងមាំស្របតាមបទដ្ឋានអន្ដរជាតិ ក្នុងនោះក៏មានមន្ទីរព្យាបាលកុមារដំរីផងដែរ។

ចំពោះលោក ឆាយ វីរៈយុទ្ធ សហស្ថាបនិកនៃមន្ទីរព្យាបាលកុមារដំរី ក៏បានលើកឡើងដែរថា ការរួមគ្នា បើកដំណើរការគ្លីនិកនេះឡើង ដើម្បីចង់បានសេវាកម្មមួយកាន់តែល្អ និងមានក្រមសីលធម៌ខ្ពស់ស្របតាមបទដ្ឋានអន្ដរជាតិ ហើយតាំងចិត្ដរួមគ្នាធ្វើយ៉ាងណាឲ្យមន្ទីរព្យាបាលកុមារដំរី ក្លាយទៅជាគ្លីនិកមួយដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។ លោកបានអះអាងថា “ការចាប់ដៃគូបង្កើតមន្ទីរព្យាបាលកុមារដំរីនេះ នឹងក្លាយទៅជាគ្លីនិកព្យាបាលមួយធំ និងមានសេវាកម្មល្អ មានវេជ្ជបណ្ឌិត គ្រូពេទ្យជំនាញៗ និងមានការព្យាបាលត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្ដសុខាភិបាលដែលផ្ដល់នូវការព្យាបាលជូនដល់ប្រជាពលរដ្ឋ និងកុមារកម្ពុជា”។

លោកអំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាលមានកូនតូចៗ មកទទួលសេវាពីមន្ទីរព្យាបាលកុមារដំរី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការពិនិត្យព្យាបាល និងថែទាំសុខភាពរបស់កុមារប្រកបដោយគុណភាព សុវត្ថិភាព និងស្ដង់ដារអន្ដរជាតិ។

សូមជម្រាបថា មន្ទីរព្យាបាលកុមារដំរីបើកដំណើរការតាំងពីថៃ្ងទី១ ខែមីនា ឆ្នាំ២០២១ មានទីតាំងនៅផ្ទះលេខ 19C តាមបណ្តោយផ្លូវលេខ 1986 ផ្លូវអាយយូ (IU) ម្តុំហាងស៊ុបភើស្តរ (Super Store) ទល់មុខហាងស៊ុបម្រះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 092 377 000/ 093 377 000 ឬ 077 370 707 / 012 851 971៕
