ភ្នំពេញ ៖ ក្រសួងការពារជាតិ បានណែនាំដល់បណ្ដាស្ថាប័ន កងឯកភាពទូទាំង កងយោធពលខេត្តមរភូមិន្ទ ត្រូវប្ដូរចង្កូតរថយន្ដពីស្ដាំ មកឆ្វេង ឱ្យទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួង ការពារជាតិ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្តាស្ថាប័នកងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និងម៉ឺងម៉ាត់ចំពោះវិធានការ រាជរដ្ឋាភិបាលស្តីអំពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខ កងយោធពលខេមរភូមិន្ទ ខ.ម ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។
ក្រសួង បានបញ្ជាក់ថា «អនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេង ឱ្យបានទាន់ពេលវេលាកំណត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២»។
ក្រសួង បានបន្ថែមថា ការចុះបញ្ជីអនុញ្ញាត ឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានចំពោះយានយន្ត ដូចជា ៖ យានយន្តដែលរដ្ឋបំពាក់, យានយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ, យានយន្តជាអំណោយពីសប្បុរសជន ដែលបានបំពេញ កាតព្វកិច្ចពន្ធរួចរាល់, យានយន្តកម្មសិទ្ធ របស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែរច្នៃរៀបតម្លើងសារជាថ្មី, យានយន្តដែលទទួល បានពីការសម្រេចរបស់តុលាការ, យានយន្តដែលនាយទាហាន ប្រើប្រាស់ធនធានផ្ទាល់ខ្លួន ទិញដាក់បញ្ចូលប្រើប្រាស់ ក្នុងក្របខណ្ឌរដ្ឋដោយបានបំពេញ កាតព្វពន្ធរួចរាល់។
ក្រសួង បានបន្ថែមថា ចំពោះយានយន្តឯកជន ពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធ តាមសេចក្ដី ជូនដំណឹងរបស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិ នឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា ។ ក្នុងករណីយានយន្តឯកជន ពាក់ស្លាកលេខ ខ.ម ហើយមិនបានទៅបំពេញ កាតព្វកិច្ចពន្ធ តាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដា្ឋន គយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិ នឹងធ្វើការនិរាករណ៍ ស្លាកលេខ ដែលបានបំពាក់កន្លងមក ដោយស្វ័យប្រវត្តិ ៕