ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី កាមេយ ហារូកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការនូវគម្រោងសហប្រតិបត្តិការប ច្ចេកទេស ស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំម ជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ រដ្ឋបាលរាជធានីភ្នំពេញ និង JICA ចេញផ្សាយ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំម ជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ មានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។
ជាងនេះទៀត គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ អនុវត្តឡើងក្នុងគោលបំណង ធ្វើឲ្យបរិស្ថានដឹកជញ្ជូនរាជធានីភ្នំពេញ មានភាពប្រសើរឡើងប្រកបដោយចីរភាព តាមរយៈប្រតិបត្តិការដ៏មានប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍។ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះ ត្រូវបានណែនាំ និងដាក់ឱ្យអនុវត្ត កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។
តាមរយៈការអនុវត្តនូវគម្រោងនេះ គេរំពឹងថាសមត្ថភាពរបស់មន្ត្រី ដែលទទួលបន្ទុកផ្នែកការងារគ្រប់គ្រងចរាចរណ៍ និង ការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញនឹងត្រូវបានពង្រឹង ហើយព្រមគ្នានេះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍នឹងបន្តបំពេញមុខងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។
នាឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ និង JICA សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នឹងរួមចំណែកដល់ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕