ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន១.២៦១លើក ក្នុងនោះ បណ្តាលឲ្យស្លាប់ចំនួន ៧០៩នាក់ និងរបួសចំនួន១.៧៩២នាក់។

ក្នុងកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងជាអគ្គលេខាធិការ គ.ស.ច.គ. បានថ្លែងថា «ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង សរុប ១.២៦១លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩នាក់ និងរបួស ១.៧៩២នាក់ (ធ្ងន់១.០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៣៤% បើកបរមិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ១៦% វ៉ាជែង៨% បត់៩% កត្តាយានយន្ត៣% ស្រវឹង៣% និងងងុយ១%»។

លោកស្រីបន្ដថា បើគិតក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨លើក ស្មើ២២% (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ១៨% (៧០៩/ ៨៦១នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧នាក់ ស្មើ២៧% (១៧៩២/២៤៤៩នាក់)។
នាឱកាសនោះដែរ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានថ្លែងថា មានកត្តាសំខាន់ៗជាច្រើន ដែលបានជំរុញវឌ្ឍនភាព នៃការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជា៖ ការធ្វើវិសោធនកម្មច្បាប់ និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ នូវបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក, ការជំរុញដាក់ចេញវិធានការ រឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានទាន់ពេលវេលា ពីសំណាក់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកជាសេនាធិការជាដើម។

ដោយឡែក លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសារធារណការ បានលើកឡើងដែរថា ឆមាសទី១ ឆ្នាំ២០២១ យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត គិតត្រឹមខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤.៥៣២កន្លែង (មានច្បាប់ ៣.៩៧១កន្លែង អត់ច្បាប់ ៣៨០កន្លែង) បានបិទយានដ្ឋានសរុបចំនួន ១៨១កន្លែង៕
