ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងតាមគោលដៅឈរជើងរបស់កម្លាំងនគរបាល រួមទាំងវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ ។
ជាមួយគ្នានេះដែល លោកក៏បានដាក់បទបញ្ជាឱ្យកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។ ត្រូវមានវិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិចកន្លែងធ្វើការរបស់ខ្លួន និងបានឱ្យកម្លាំងទាំអស់មានការប្រុងប្រយ័ត្ន ទាំងសុខភាព ទាំងនៅកន្លែងធ្វើការ ទាំងពេលចុះបេសកកម្ម ជៀសវាងមាន សត្វផ្សេងៗ បង្កររបួសស្នាម ជាពិសេស ខ្សែរភ្លើងកន្លែងធ្វើការ ទោះបីនៅក្នុងស្ថានភាពបែបណាក៏ដោយ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំងត្រូវរាយការណ៍មកអាជ្ញាធរឬសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីសមត្ថកិច្ចងាយក្នុងការចុះអន្តរាគមន៍បានទាន់ពេលវេលា។ ពិសេសត្រូវបន្តអនុវត្តវិធានការរបស់សុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ19៕ដោយ ប៊ុន សំណាង