ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឲ្យដំណើរការ គម្រោងធានាឥណទានសម្រាប់ហិរញ្ញប្បទាន (CFGS) ចំនួន៥០លានដុល្លារ ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CGCC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោង CFGS ត្រូវបានបង្កើតឡើង ជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន ដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ខណៈគម្រោង SCFS II មានគោលបំណងកាត់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។
គម្រោងនេះនឹងជួយឲ្យមានការបញ្ចេញ ឥណទានថ្មីៗ ក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះ នឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC បានថ្លែងថា «ការដាក់ឲ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យជាមួយ PFIs»៕