ភ្នំពេញ ៖ ពិធីបុណ្យភ្ជំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយ របស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា បើទោះបីជាប់រវល់ យ៉ាងណាក៏ដោយ ក៏មនុស្សម្នាប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេល យ៉ាងហោចណាស់១ថ្ងៃ ដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិការទាំង៧សន្តាន ដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានា ដែលពួកគាត់មាន សិទ្ធាជ្រះថ្លា។
ក្នុងនោះដែរ សម្រាប់ថ្ងៃកាន់បិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស មានបញ្ហាប្រឈម នៃការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក្តី តែសម្រាប់ ពុទ្ធសាសនិកជន នៅតែសម្រុកទៅវត្តមិនខានឡើយ ជាក់ស្តែង នៅថ្ងៃទី២២ ខែកញ្ញានេះ នៅតាមវត្តអាមរាម ក្នុងរាជធានីភ្នំពេញ មានពុទ្ធបរិស័ទយ៉ាងច្រើន បានសម្រុកទៅធ្វើបុណ្យទាន ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ក្រោមការមើល ថែសន្តិសុខ ជាពិសេសវិធានការ ការពារកូវីដ១៩ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំតាមវត្តកន្លងមក។
ប៉ុន្តែអ្វីដែលជាការកត់សំគាល់ នៅតាមបណ្តាវត្តទាំងនោះ បានគោរពទៅតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញដោយលោក ឃួង ស្រេង និងក្រសួងសុខាភិបាលយ៉ាងល្អ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដោយពុទ្ធសាសនិកជន បានពាក់ម៉ាស វាស់កំដៅ បាញ់អាកុល ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ យ៉ាងល្អពីសំណាក់អាជ្ញាធរដែនដីផងដែរ ។
អ្វីជាការកត់សំគាល់មួយទៀតនោះ ការរក្សានៅគម្លាតសុវត្ថិភាព ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ហាក់នៅមានកំរិតនៅឡើយ ដែលទាមទារឲ្យប្រជាពលរដ្ឋ ភ្ញាក់រលឹកនិងចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់នូវការរីករាលដាលជំងឺកូវីដ-១៩៕