ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានបើកកិច្ចពិភាក្សា ពីការលើកកម្ពស់ភាព ជាដៃគូសភា ដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណ។
កិច្ចពិភាក្សាក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA” នាថ្ងៃ២៣ កញ្ញា លោក ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា កិច្ចប្រជុំគណៈកម្មការ កិច្ចការបរទេស របស់សភា នៃប្រទេសទាំងបី គឺជាយន្តការសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍ រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីជួយជំរុញ និងគាំទ្រ រដ្ឋាភិបាលប្រទេសទាំងបី ក្នុងការកសាង តំបន់ត្រីកោណ អភិវឌ្ឍន៍ឲ្យមានការរីកចម្រើន ជាពិសេសស្ដារឡើងវិញ នូវផលប៉ះពាល់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់ ឲ្យត្រលប់មកប្រក្រតីភាព វិញក្នុងពេលដ៏ខ្លីខាងមុខនេះ ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ ឆ្លងកាត់រយៈពេល២០ ឆ្នាំកន្លងមក តំបន់នេះ មានស្ថេរភាពល្អ សន្តិសុខរឹងមាំ និង មានការអភិវឌ្ឍរីកចម្រើន ឡើងជាលំដាប់ ដោយបានជួយកាត់ បន្ថយភាពក្រីក្រ ជាច្រើនក្នុងតំបន់ផងដែរ ៕ ស សំណាង