ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងត្រឡប់មក ប្រទេសកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាព អស់រយៈពេលជាង១ខែ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នេះផងដែរ ក៏មានការអញ្ជើញចូលរួមថ្វាយ ទទួលព្រះរាជដំណើរដោយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង មន្ដ្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យ ព្រះរាជសុខភាព ចំនួន២ដង ក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យ នៅប្រទេសចិន ។ នៅឆ្នាំ២០២១នេះ ព្រះមហាក្សត្រខ្មែរ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាព រួចម្តងមកហើយ កាលពីខែមីនា។

សូមរំលឹកផងដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងចាកចេញ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យព្រះរាជសុខភាព ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
