ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការទទួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្ដិភាព និងសន្ដិសុខអន្ដរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ (UN)។
ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវិដេអូ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុត សម្រាប់អនាគតប្រកបដោយចីរភាព។ កម្ពុជាសូមបញ្ជាក់ជាថ្មី អំពីជំហរដែលប្រកាន់ យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការ សហប្រជាជាតិ»។
សម្ដេចតេជោ បានបញ្ជាក់ថា ចាប់តាំងពី ឆ្នាំ២០០៦មក កម្ពុជាបានរួមចំណែក តាមរយៈការបញ្ជូនកង កម្លាំងជាង ៧.៥០០ នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗ នៅទូទាំងពិភពលោក របស់អង្គការសហប្រជាជាតិ ហើយកងកម្លាំងរបស់កម្ពុជា មួយចំនួនបានធ្វើពលិកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្ម ការពារជនស្លូតត្រង់។
សម្ដេចតេជោ បានបន្ដថា លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាព សម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (AP+)របស់ លោក អង់តូនីយ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ។ ជាពិសេសនោះ កម្ពុជា ក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និង សន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្ម ទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពនានា ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី ២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប។ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកប ដោយបរិយាប័ន្ន និងភាពជាតំណាង ។
សម្ដេចតេជោ បានបញ្ជាក់ថា «ក្នុងន័យនេះ កម្ពុជាសូមសម្តែងនូវការគាំទ្រ ពេញទំហឹងចំពោះ កិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរសកម្មរបស់ ឯកឧត្តមអគ្គលេខាធិការ ក្នុងការរៀបចំអង្គការនេះ ឱ្យកាន់តែមានភាពឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក។ ទំនាក់ទំនងរវាងក្រុម ប្រឹក្សាសន្តិសុខ, អង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋាន អង្គការសហប្រជាជាតិ ក៏ត្រូវមានការ ពង្រឹងឡើងវិញផងដែរ»។
សម្ដេចតេជោ បានបន្ថែមថា កម្ពុជាធ្វើការបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់ខ្លួន ចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ។ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាង របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុត នៃប្រទេសជាសមាជិក គឺជាអាទិភាព ចម្បងបំផុត៕