ភ្នំពេញ: តុលាការឧទ្ទរណ៍ រាជធានីភ្នំពេញ នាថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្មរបស់ ជនជាប់ចោទ ជនជាតិជប៉ុនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជិត២គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះ ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រព្រឹត្តកាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២០។
លោកចៅក្រម ពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹង កាលពីព្រឹកថ្ងៃអង្គារ៍នេះថា ជនជាប់ចោទ មានឈ្មោះ Nonaka Shunichi ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ជាអ្នកទេសចរ ជនជាតិជប៉ុន។
លោកចៅក្រមភូស៊ុន បានមានប្រសាសន៍ថា ឈ្មោះ Nonaka Shunichi ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ពីបទ ” ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីសុំបន្ធូរបន្ថយទោស។
ឈ្មោះ Nonaka Shunichi ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនឹងសមត្ថកិច្ចគយ កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅចំណុច ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានថ្នាំ ញៀន ចំនួន ០៧ កញ្ចប់ធំ ដែលលាក់ទុកក្នុងវ៉ាលី របស់គាត់ មានទម្ងន់សរុប ១.៧០៥, ៨៥ (ជិត២គីឡូក្រាម)។
ជនជាប់ចោទ ឈ្មោះ Nonaka Shunichi និង មេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕
ដោយ: រស្មី អាកាស