ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីឡាវ ៖ វ៉ាក់សាំង២០ម៉ឺនដូស កម្ពុជាផ្ដល់ឲ្យ នឹងសម្រេចទិសដៅ ៥០% ចាក់ជូនប្រជាជន

ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស កម្ពុជា ផ្ដល់ឲ្យឡាវ នឹងរួមចំណែកធ្វើឲ្យសម្រេច បានទិសដៅ៥០% ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនឡាវ នៅដំណាច់ឆ្នាំនេះ ។

តាមរយៈសារលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ផនខាំ វីផាវ៉ាន់ បានអរគុណ សម្ដេចតេជោ និងប្រជាជនកម្ពុជា ចំពោះការ ជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសឡាវ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅ ជាពិសេស ក្នុងគ្រាដ៏លំបាក ដែលកម្ពុជា-ឡាវ កំពុងប្រឈមការ រីករាលដាល ជំងឺកូវីដ-១៩ ។ លោកថា កម្ពុជានៅតែចែករំលែក ទឹកចិត្តសប្បុរសធម៌ នូវអ្វីដែលកម្ពុជា មាន តាមរយៈការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០០ ០០០ ដូសនេះ។

លោកបញ្ជាក់ថា «កាយវិការនេះ ជាការរួមចំណែកជួយយើង ខ្ញុំធ្វើឲ្យសម្រេចបានទិសដៅ៥០% ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់យើងខ្ញុំ នៅដំណាច់ឆ្នាំនេះ តាមការគ្រោងទុក»។

លោកបន្ដថា ជំនួយឧបត្ថម្ភដ៏មានតម្លៃនេះ ជាសក្ខីភាពបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ និងចំណងសាមគ្គីភាព ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមាន ចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ហើយក៏ជាអះអាង បញ្ជាក់ផងដែរ ពីចំណងមិត្តភាព ជិតស្និទ្ធ សាមគ្គីភាពយូអង្វែង និងភាពជាអ្នកជិតខាងល្អ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ដែលត្រូវបាន ពង្រឹងនិងឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយផ្លែផ្កាថែមទៀត ៕

To Top