ព័ត៌មានជាតិ

អំណោយរបស់ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំទៅប្រគល់ជូន ដល់កងការពារព្រំដែនលេខ៦០១

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក​ឧត្តមសេនីយ៍ទោ ទៀន សុភ័ណ្ឌវង្ស នាយសេនាធិការរង កងទ័ពជើងគោក នាយការិយាល័យការពារព្រំដែន បាននាំយកនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងការពារព្រំដែនលេខ៦០១ ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តកណ្តាល សម្រាប់ជួយដល់ការបំពេញការងាររបស់អង្គភាព ក៏ដូចជាដើម្បីជាការចូលរួមប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

អំណោយទាំងនោះរួមមាន ម៉ូតូចំនួន ០១គ្រឿង , ទូកម៉ាស៊ីន ចំនួន ៤ គ្រឿង, Projector ចំនួន ៥ គ្រឿង , Screen Projector ចំនួន ៥ ផ្ទាំង, Printer ចំនួន ១ គ្រឿង, Laptop ចំនួន ៤គ្រឿង, នំធុង ចំនួន ៤៥ធុង, ទឹកក្រូច ចំនួន ៤៥ កេះដល់កងការពារព្រំដែនលេខ៦០១។

លោក ឧត្តមសេនីយ៍ទោ ទៀន សុភ័ណ្ឌវង្ស បានធ្វើការផ្ដាំផ្ញើដល់យោធិននៃកងការពារ ព្រំដែនលេខ៦០១ ឱ្យចាត់ទុកការងារការពារព្រំដែនជាការងារស្នូល និងយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អជា មួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងពង្រឹងអង្គភាពរបស់ខ្លួនដោយឈរលើ ស្មារតីសាមគ្គីភាព ខិតខំបង្កបង្កើនផល កសាងហេដ្ឋារចនាសម្ព័ន្ធ និងថែរក្សាសម្ភារ បរិក្ខារ និងគ្រឿងបំពាក់ឱ្យបានល្អ ជាពិសេសការប្រុងប្រយ័ត្នចំពោះសុខភាពនៅក្នុងដំណាក់កាល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរ​ ជួយសម្រួលដោះស្រាយរាល់ការលំបាករបស់អង្គភាព និងសុខទុក្ខយោធិន និងគ្រួសារយោធិន ជាពិសេសក្នុងឱកាសរដូវបុណ្យទានផ្សេងៗ៕

To Top