ព័ត៌មានជាតិ

ក្រុមហ៊ុន២ បោះទុនវិនិយោគជាង៣០ លានដុល្លារ បង្កើតរោងចក្រផលិតកាបូប និងផ្គុំតម្លើងបន្ទះសូឡា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័ត គម្រោងបង្កើតរោងចក្រ ចំនួន២ផ្សេងគ្នា ក្រោមទុនវិនិយោគប្រមាណ ៣៣,១លានដុល្លារអាមេរិក ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ កញ្ញានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើ គម្រោងបង្កើត រោងចក្រផលិតកាបូប គ្រប់ប្រភេទរបស់ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៨កន្លែង។

ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលបានដាក់ពាក្យស្នើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ មានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង ៕

To Top