នយោបាយ

លោក ប្រាជ្ញ ចន្ទ អំពាវនាវពលរដ្ឋពិនិត្យឈ្មោះ ក្នុងបញ្ជីបោះឆ្នោត តាមឃុំ-សង្កាត់ ឬគេហទំព័រ គ.ជ.ប

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបិទផ្សាយនៅសាលាឃុំ-សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាពេលថ្មីៗនេះ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា «ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត សូមអំពាវនាវចំពោះបងប្អូន ប្រជាពលរដ្ឋខ្មែរដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អញ្ជើញ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ-សង្កាត់ ឬអាចចូលពិនិត្យមើល តាមគេហទំព័ររបស់ គ.ជប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ នៅក្នុងបញ្ជីបោះឆ្នោត»។

លោកបន្ដថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ ប្រជាពលរដ្ឋពុំត្រឹមត្រូវ ត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឲ្យ បានត្រឹមត្រូវទៅតាមឯកសារ សំអាងច្បាស់លាស់។

លោក បានបន្ថែមថា ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះ បោះឆ្នោតពីមុនមកដែល ទើបគ្រប់អាយុ១៨ឆ្នាំ ឬពលរដ្ឋខ្មែរបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី អញ្ជើញចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត ៕

To Top
×