ភ្នំពេញ៖ អាជ្ញាធរស្រុកកំពង់លែង បានប្រកាសផ្អាកបណ្តោះអាសន្ន មិនឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូត ដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ។
យោងតាមសេចក្ដីជូនដំណឹង របស់សាលាស្រុកកំពង់លែង បានឲ្យដឹងថា ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើង ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំនុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចពំ ប្រទល់ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើ និងងាយទទួលរងការខូចខាតខ្លាំង ក្នុងពេលដែលមានយានយន្ត គ្រប់ប្រភេទនៅតែបន្ត ធ្វើចរាចរណ៍ឆ្លងកាត់ ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា «ដោយមើលឃើញពីស្ថានភាព ជាក់ស្តែងរបស់កំណាត់ផ្លូវ ៥០ c និងដើម្បីថែរក្សាការពារកំណាត់ផ្លូវ ៥០ c នេះឲ្យមាន សភាពល្អប្រសើរ សម្រាប់ការប្រើប្រាស់បន្ត និងបង្កាលើករណីគ្រោះថ្នាក់ ដោយប្រការណាមួយ សម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់រដ្ឋបាលស្រុកសហការ ជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជា បណ្ដោះអាសន្នចំពោះយានយន្ត គ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំនុច ផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើការវិញ» ៕