ព័ត៌មានជាតិ

សម្ដេច ស ខេង ពន្យល់ពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីស្រាយចម្ងល់ពលរដ្ឋ

ភ្នំពេញ៖ ដើម្បីបកស្រាយនូវ ចម្ងល់របស់បងប្អូនមួយចំនួន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយ និងពន្យល់ពីអន្ថន័យនៃ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ តុលានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា «ខ្ញុំបានសន្យាថា នឹងបន្តពិភាក្សាជាមួយបងប្អូន ជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែល ជាកំណែទម្រង់ផ្នែកអភិបាលកិច្ច ពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេល ដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?» ។

សម្ដេចក្រឡាហោម បញ្ជាក់ថា ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាល ទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន ក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។

សម្ដេចបន្តថា ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការ ដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ ។

សម្ដេចគូសបញ្ជាក់ថា ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញនិយម នៃការអនុវត្តគោល នយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើន នៅលើសកលលោកទាំង ក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះ ដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយ មិនផ្អែកជាសំខាន់ទៅលើបរិបទ ជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ ប្រទេសជាតិនីមួយៗ ។

សម្ដេចបន្ថែមថា សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេល ជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានាទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការ ផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធ គ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិតាមបែបផែនទាំងពីរនេះ ក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផល ជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏នៃការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។ ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈម មួយចំនួនដែលត្រូវបន្តដោះស្រាយ ទៅមុខទៀតស្របតាមឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះ ឱ្យបានស៊ីជម្រៅបន្ថែមទៀត ។

ទន្ទឹមនិងនេះសម្ដេច ស ខេង ក៏រីករាយនឹងទទួលយកនូវ ការផ្តល់មតិយោបល់នានា ព្រមទាំងបន្តផ្តល់ពត៌មានពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេច ឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយ នៃកំណែទម្រង់នេះ ៕

To Top