នយោបាយ

សម្ដេច ស ខេង៖ ការបោះឆ្នោតព្រឹទ្ធសភា គឺមានសារៈសំខាន់ សម្រាប់បុព្វហេតុបន្ដកសាង ការពារមាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុបន្តកសាងការពារមាតុភូមិកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍ។

ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ស ខេង បានសង្កេតឃើញថា ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងប្រទេស ក៏បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរផងដែរ បើទោះបីមានគណបក្សនយោបាយខ្លះ បានធ្វើសកម្មភាពកៀបសង្កត់គំរាមកំហែង ដល់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សខ្លួនឲ្យបោះឆ្នោតគាំទ្រ គណបក្សដែលខ្លួនបានតម្រូវ ផ្ទុយពីឆន្ទៈរបស់អ្នកបោះឆ្នោតយ៉ាងណាក្តី។

សម្ដេច បានកោតសរសើរដោយស្មោះចំពោះ អាជ្ញាធរ កងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរក្នុងដំណើរការ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ក៏ដូចជាក្នុងសង្គមទាំងមូល និងបានផ្តល់កិច្ចសហការគាំទ្រយ៉ាងសកម្ម ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការអនុវត្តការងារនានា ពាក់ព័ន្ធការបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត។

សម្តេចមានប្រសាសន៍ថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាងការពារមាតុភូមិកម្ពុជាយើង ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។ ពិតមែនតែការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ ប្រជាជនដែលបានប្រសូតចេញពីឆន្ទៈរបស់ប្រជាជន»។

សម្ដេច ស ខេង បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តឲ្យ បានសម្រេចនូវកម្មវិធីនយោបាយនានា របស់គណបក្សដែលបានប្រកាសជូនជនរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីឆ្នាំ២០២២កន្លងមក ព្រមទាំងកម្មវិធីនយោបាយសម្រាប់ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៕

To Top