ព័ត៌មានជាតិ

ទូតចិន ៖ ទោះបី ចិន-កម្ពុជាជួប វិបកូវីដ-១៩ តែវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម មានកំណើន

ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូចចិន ប្រចាំនៅកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា មានកំណើន ទោះបីរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ។

ក្នុងសុន្ទរកថា អបអរខួបអនុស្សាវរីយ៍ លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២ ១ លោក វ៉ាង វិនធាន បានឲ្យដឹងថា ចំណងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ទទួលបានការលើកម្ពស់ឥតឈប់ឈរ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩ និងការជំរុញអភិវឌ្ឍរួម។

លោក បានបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនទោះបីជារងផលប៉ះពាល់នៃជំងឺវីរុសក៏ដោយ។ គម្រោងសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ត្រូវបានជំរុញយ៉ាងរលូន»។

លោក បានបន្ដថា កសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនឥតឈប់ ឈរ ដូចជា អង្ករ ផ្លែចេក ផ្លែស្វាយ ជាដើម។ លោកថា ប្រទេសទាំងពីរ បានសម្របសម្រួលយ៉ាងស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បង្ហាញពីសម្លេងយុត្តិធម៌ និងសច្ចធម៌លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរវាងគ្នា និងគ្នា និងជាចំណាប់អារម្មណ៍រួម។

លោក បានបន្ថែំថា ចំណងមិត្តភាព ចិន និងកម្ពុជា ទទួលបានផលដើមរដូវក្លាយជាគំរូ ដែលមានការជឿទុកចិត្តគ្នា ទៅវិញ ទៅមក ខាងនយោបាយ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិ ងកិច្ចសហប្រតិបត្តិការ គោរពគ្នាទៅវិញទៅមក ការផ្សារភ្ជាប់គ្នារវាងបេះដូងប្រជាជន និងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាដើម។ លោក ជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចកសាងសហគមន៍វាសនារួមគ្នារវាង ចិន-កម្ពុជា នឹងបន្តបោះសន្ទុះទៅកាន់ដំណាក់កាលថ្មីមួយទៀត៕

To Top