ព័ត៌មានជាតិ

អឺរ៉ុប​ បន្តវិនិយោគ​ លើការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា ជាមួយនឹងជំនួយឥតសំណង​ ១៥លានអឺរ៉ូ

ភ្នំពេញ​ ៖​ ធនាគារវិនិយោគអឺរ៉ុប​(EIB) បានទទួលជំនួយឥតសំណង​ ក្នុងទឹកប្រាក់​ ចំនួន១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយ កម្មកសិកម្ម   ហៅកាត់ថា​(SAAMBAT) នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់​ សហភាពអឺរ៉ុប​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ នាថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២១​ ឱ្យ​ដឹង​ថា​ គម្រោង SAAMBAT ត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវផ្លូវជនបទ ការតភ្ជាប់ទំនាក់ទំនង   ទូទាំងប្រទេស ការលើកកម្ពស់ភាពធន់នឹងគ្រោះធម្មជាតិ និងការឆ្លើយតបចំពោះបញ្ហាខ្វះស្បៀងតាម​​​​រដូវ។

គម្រោងនេះ​ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទចំនួនប្រមាណ ២00.000 គ្រួសារ បង្កើតការងារ ៤៥០0 កន្លែង ជាពិសេសំរាប់យុវជន និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន ៥០០ នៅទូទាំងប្រទេសកម្ពុជា។

ធនាគារវិនិយោគអឺរ៉ុប​ដែលជាធនាគាររបស់សហភាពអឺរ៉ុប បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បី ទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម  (SAAMBAT)។​ ជំនួយឥតសំណងនេះ​ រួមមានការលៃទុកនូវទឹកប្រាក់ចំនួន ១,៥ លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយបច្ចេកទេសដល់ការរៀបចំរបស់គម្រោង ដែលមានសារៈសំខាន់ សម្រាប់ការអនុវត្តគម្រោង SAAMBAT​ អោយបានលឿនជាងមុន។

គម្រោង SAAMBAT គឺជាការវិនិយោគ​ ក្នុងភាពជាដៃគូ ក្នុងទឹកប្រាក់ចំនួន ១០៥ លានអឺរ៉ូ ពីមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណភាពជីវិត និងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅជនបទប្រមាណ ២00.000 គ្រួសារ តាម​​រយៈការផ្តល់ឱ្យ​ពួកគេនូវបណ្តាញផ្លូវថ្នល់ដែលអាចប្រើប្រាស់ពេញមួយឆ្នាំដោយកាន់តែមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ហេដ្ឋារចនាសម្ព័ន្ធជនបទប្រសើរជាងមុន និងការផ្គត់ផ្គង់ស្បៀងអាហារដែលអាចជឿជាក់បាន។

លោក​ Kris Peeters អនុប្រធានធនាគារ EIB និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅ  កម្ពុជា​ មានប្រសាសន៍ថា​ «ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប គឺជាជំហានមួយទៀត ដើម្បីធ្វើឱ្យសហភាពអឺរ៉ុប និងកម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាដៃគូ ហើយអ្វីដែលរឹតតែសំខាន់ទៅទៀត គឺជាជំហានដែលនឹង​ផ្តល់ផលផ្ទាល់ដល់គុណភាពនៃជីវរភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់នៅកម្ពុជា»

លោក​ Bryan Fornari ប្រធានសហប្រតិបត្តិការនៃ​ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា​ «ជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ ១០៥ លានអឺរ៉ូ នៅកម្ពុជា គម្រោង SAAMBAT នឹងជួយកសិករ ក៏ដូចជាប្រជាពលរដ្ឋ ជនបទ ឱ្យអាចទទួលបានទីផ្សារកាន់តែប្រសើរ និងគាំទ្រដល់ការរីកចំរើនរបស់សហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងវិស័យកសិកម្ម»។

ដោយឡែក លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់គំរោង SAAMBAT នេះ»។

លោក បានចាត់ទុក ជំនួយឥតសំណងនេះ គឺជាការរួមចំណែកដ៏សំខាន់ដល់ការពន្លឿនការអភិវឌ្ឍដោយចីរភាពនៃសហគមន៍ជនបទនៅកម្ពុជា និងការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ប្រកបដោយភាពបៃតង៕

To Top