ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិងកំពុងស្វែងរកអត្តសញ្ញាណហ្វេសបុកក្លែងក្លាយឈ្មោះ San Bora (Fake Account) បន្ទាប់ពីបង្ហោះសារបង្ខូចកិត្តិយសអង្គភាពចំណុះរបស់ខ្លួន។
កាលពីពេលថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុកអនាមិកមួយ បានបង្ហោះខ្លឹមសារចោទប្រកាន់មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថា បានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថាគណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើ អង្គភាពរបស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហារ របស់ខ្លួនរួចមក ម្ចាស់គណនីនេះបានបិទ និងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។
អ្នកនាំពាក្យ បានបន្ដថា អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account) បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថា បានជួបជុំផឹកស៊ីផ្ទុយនឹងវិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារស្បៀង និងដឹកជញ្ជូន សម្ភារបរិក្ខា ស្បៀងអាហារ និងបរិក្ខាសុខាភិបាល ផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្តារាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះ តម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤លើ២៤ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងអង្គភាពសម្រាប់ត្រៀមបំពេញ បេសកកម្មតាមការចាំបាច់។
អ្នកនាំពាក្យ បានបញ្ជាក់ថា «ចំពោះករណីនេះ ក្រសួងមហាផ្ទៃ នឹងបន្តស៊ើបអង្កេតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account) ឱ្យបានហ្មត់ចត់បំផុត ដើម្បីស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់អ្នកប្រើប្រាស់ និងបក្ខពួក មកសាកសួរ និងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន»។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើបណ្តាញសារព័ត៌មានបណ្តាញសង្គម និងសាធារណជនទាំងអស់ កុំធ្វើការវិភាគ និងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ គ្មានមូលដ្ឋាន មានចរិតលក្ខណៈ លំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័ន-អង្គភាព របស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ព័ត៌មានមិនពិត គឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ និងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ៕