ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ ដែលទទួលបានពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទី១ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ចំនួន ១៤៩.០១៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៤៧.៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.៤៦៩ នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ តុលា បានបញ្ជាក់ថា តួលេខនេះ មានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០ ប៉ុន្តែមានការកើនឡើងប្រមាណ ២៧,៥៥% ធៀបនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមក។

ជាមួយគ្នានេះ ក្រសួងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុង មានការផុសផុលខ្លាំងនៅតាមបណ្តារាជធានីខេត្ត ខណៈដែលគោលដៅទេសចរណ៍ ទូទាំងប្រទេសបានបើកដំណើរការ ទទួលភ្ញៀវ រួមទាំងខេត្តសៀមរាបផងដែរដែលបានបិទបញ្ចប់ ការបិទខ្ទប់នាសប្តាហ៍កន្លងមក លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាល ហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋាន ផងដែរ៕




