ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន យុវជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីចាប់ រំលោភសេពសន្ថវះ កុមារីម្នាក់អាយុ ១២ ឆ្នាំ ដែលត្រូវជាគូស្នេហ៍ នៅឃុំបន្ទាយដែក។
មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ តេង វាសនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ចំណែកឯ ក្មេងស្រីគ្រោះ អាយុ ១២ឆ្នាំ មុខរបរជា សិស្ស រស់នៅរាជធានីភ្នំពេញ។
មន្ត្រីនគរបាលបាននិយាយថា មុនកើតហេតុ, ជនសង្ស័យ និង ជនរងគ្រោះ បានទំនាក់ទំនងគ្នា និង បានស្គាល់គ្នា តាមហ្វេសប៊ុក ជាច្រើនខែមកហើយ។ ហើយនៅថ្ងៃទី ០៣ ខែ តុលា, ជនសង្ស័យ បានបបួលកេ្មងស្រីរងគ្រោះ ដោយខលទៅនាង តាមរយ:ទូរស័ព្ទ និង បបួលអោយមកចូលរួមកម្មវិធី ខួបកំណើត របស់ជនសង្ស័យ នៅស្រុកកៀនស្វាយ។
ក្មេងស្រីរងគ្រោះក៏យល់ព្រម, ជនសង្ស័យជិះម៉ូតូទៅឌុបនាង ហើយ ក៏បាន ធ្វើដំណើរជាមួយគ្នា តាមម៉ូតូ ឆ្ពោះមក ស្រុកកៀនស្វាយ។
ប៉ុន្តែនៅពេលជនសង្ស័យ ឌុបនាងមកដល់ ឃុំលើកដែក, ជនសង្ស័យមិនបាន ទៅកន្លែងខួបកំណើតរបស់ខ្លួនទេ គឺ បានឌុបក្មេងស្រីទៅផ្ទះសំណាក់ រួចចាប់រំលោភសេពសន្ថវ:នាង រហូតបានសម្រេច ទើបឌុបនាងទៅផ្ទះនៅឯ ភ្នំពេញវិញ។
បន្ទាប់មក, ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ០៥ ខែ តុលា តាមបណ្តឹងរបស់ម្តាយកូមារីរងគ្រោះ បន្ទាប់ពីនាងបានប្រាប់ម្ដាយអោយដឹង អំពីការចាប់របស់ជនសង្ស័យ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ រស្មី អាកាស