ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាន នៅកដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានជួយសង្គ្រោះ និងបានព្រលែងចូល ទៅក្នុងព្រៃធម្មជាតិវិញ ប្រកបដោយសុវត្ថិភាព។
តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រើសញី នេះមានទម្ងន់ប្រមាណពី១៥០ ទៅ២០០គីឡូក្រាម ត្រូវបានមន្ត្រី ឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូលបានប្រទះឃើញ ជាប់អន្ទាក់នៅអំឡុងពេលពួកគាត់បានដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើកស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ។
លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ ព្រោះវាគ្មានផលប្រយោជន៍អ្វីសម្រាប់សុខភាពឡើយ តែអាចនឹងបង្កហានិភ័យដល់សុខភាព និងកើតជំងឺផ្សេងៗព្រោះសាច់សត្វព្រៃមានផ្ទុកដោយមេរោគ ដោយ «និយាយថាទេចំពោះសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់សម្លាប់សត្វ»។
យោងតាមការសិក្សា របស់អ្នកជំនាញ ប្រើសជាប្រភេទសត្វ មានដោយបង្គួរ និងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើ កិច្ចអភិរក្សនៅតាមតំបន់ ជាក់លាក់ ដែលវា រស់នៅ។ សត្វប្រើសមានវត្តមាននៅ តាមតំបន់ ការពារធម្មជាតិនានា នៅភូមិភាគខាងជើង និរតី និង ភូមិភាគឥសាននៃប្រទេសកម្ពុជា៕