នយោបាយ

ក្រុមប្រឹក្សាធម្មនុញ្ញ ៖ វិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញ អាចធ្វើបាន ស្របតាមបរិបទ សភាពការណ៍ជាក់ស្តែង

ភ្នំពេញ ៖ ទីបំផុតក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ការស្នើសុំវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញ នូវមាត្រាមួយចំនួន អាចធ្វើបាន ស្របតាមបរិបទ ស្ថានការណ៍ជាក់ស្តែង មិនបានប៉ះពាល់អ្វីឡើយ ។

ការបញ្ជាក់នេះ បន្ទាប់ពីសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្ដីក្រាបបង្គំ ទូលថ្វាយមតិ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះមហាក្សត្រ តាមរយៈព្រះរាជសារចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃ រដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រុមប្រឹក្សា ធម្មនុញ្ញបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី(ពីរ មាត្រា១៥២ថ្មី ) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិ សោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានា នូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទ នៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន»។

សូមជម្រាបថា កាលពីថ្ងៃ៨ តុលា គណៈរដ្ឋមន្ត្រីបានអនុម័ត លើសេចក្តីព្រាង វិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញមាត្រាមួយចំនួន ដែលរៀបចំ ដោយក្រសួងយុត្តិធម៌ ។ សេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនេះ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ក្នុងតំណែងដឹកនាំកំពូលៗ ។ ក្នុងនោះ មានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ៕

To Top