ព័ត៌មានជាតិ

អាងខ្នងប្អូនជា នាយរងពន្ធនាគារខេត្តព្រៃវែង ទើប ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹង លោក ម៉េត ឈុន ទៅតុលាការ

ប្រជាពលរដ្ឋនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងអាជ្ញាធរភូមិ-ឃុំ បានសម្តែងការខកចិត្ត ខណៈរឿងដីចំណីផ្លូវសម្រាប់ប្រើប្រាស់រួម មិនដោះស្រាយគ្នា បែរជាអាងទឹកលុយ និងអាងខ្នងប្អូនជាប៉ូលិស ជានាយរងពន្ធនាគារខេត្តព្រៃវែង ទើប លោក ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹងលោក ម៉េត ឈុន ជាអ្នកភូមិជាមួយគ្នាទៅតុលាការ។

អ្នកស្រី លឹម ឆៃយ៉ាត មេភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ថា ករណីនេះកើតមានដោយសារតែ រឿងដីធ្វើរបងនៅខាងលិចភូមិនដូនដោយ ត្រង់ម្រុំទំបន់កោះក្រវិល ខាងលិចភូមិ បញ្ហាត្រង់ថា«លោក ម៉េត ឈុន បានសម្បទានដីរបស់គាត់ ជាចំណីផ្លូវប្រមាណ៥ មែត្រហើយ ជាប់ដីព្រំចាស់ជាមួយលោក ជុំ សុខុន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានប្រើប្រាស់ និងធ្វើដំណើរឆ្លងកាត់ជាច្រើនភូមិ សំរាប់អាស្រ័យផលដឹកជញ្ជូនស្រូវប្រាំង និងវស្សាជាដើម។

អ្នកស្រី មេភូមិលើកឡើងថា លោក ម៉េត ឈុន បាននិយាយហើយថា បើគាត់សម្បទានដីប៉ុណ្ណឹងហើយ ហេតុដូចម្តេចបានជា លោក ជុំ សុខុន មានៈធ្វើរបងមកចូលដីផ្លូវអីទៀត ខ្លួន(ជុំ សុខុន មិនបានសម្បទានផងនោះ ហេតុអ្វីបានជា ធ្វើរបងចូលព្រំរួមទាំងបំពានដូច្នោះ។

អ្នកស្រីមេភូមិបញ្ជាក់ថា «យើងខ្ញុំជាមេភូមិគឺ គិតថា ការប្រើប្រាស់អំណាច ឬអ្វីក៏ដោយមិនអាចទៅរួចទេ សំខាន់អាជ្ញាធរបានចាត់ទុក ពួកគាត់ជាកូនចៅទំាអស់ ដោយមិនចង់អោយកូនណា មួយមានបញ្ហអ្វីនោះទេ យើងខ្ញុំព្យាយាមសម្របសម្រួល ដើម្បីរកចំណុចរួមឈ្នះៗទាំងអស់គ្នា» ។

អ្នកស្រីមេភូមិនបានលើកឡើងថា កន្លងទៅលោក ជុំ សុខុន ធ្លាប់ស្តីបន្ទោសនាងខ្ញុំ មិនកាន់ជើងគាត់! តើកាន់ជើងយ៉ាងដូចម្តេចបើ អាជ្ញាធរ ជាម្តាយឪពុក ដោយសារតែគាត់ ជុំ សុខុន មិនព្រម ទើបដាក់ពាក្យបណ្តឹងទៅសាលាឃុំជាច ប្តឹង លោក ម៉េត ឈុន តែម្តង ប៉ុន្តែយើងខ្ញុំគិតថា រឿងនេះ បើសិនលោក ជុំ សុខុន ព្រមសុំការជជែកជាមួយ លោក ម៉េត ឈុន នោះរឿងនេះមិនមានអ្វីកើតឡើងធំ រហូតឡើងដល់តុលាការនោះទេ។

អ្នកស្រីមេភូមិបន្ថែមថា ចំពោះ លោក ជុំ សុខុន មិនបានសម្របសម្រួល ជាមួយភាគីម្ចាងគឺលោក ម៉េត ឈុន នោះទេ ដោយធ្វើរបងរំលោភចូលដីរួម ទើបភាគី លោក ម៉េត ឈុន មិនអនុញ្ញាតិឲ្យធ្វើរបងនោះទេ ដោយសុំឲ្យធ្វើនៅទីតាំងចាស់ដដែល បើមិនបានសម្បទានដី ជូនពលរដ្ឋប្រើប្រាស់នោះ ។

កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ លោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា បានដាក់ពាក្យបណ្តឹងទៅសាលាឃុំជាច ប្តឹងលោក ម៉េត ឈុន អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ គង់ ណុន អាយុ៥០ឆ្នាំនិងកូនឈ្មោះ ឈុន ជាថា ពីបទ«គំរាមរារាំងនិងបំផ្លាញកម្មសិទ្ធិឯកជន» និងសងជំងឺចិត្តចំនួន ៦លានរៀលគត់។

ពាក្យបណ្តឹងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋនៅភូមិដូនដោក និងមន្រ្តីក្រុមប្រឹក្សាឃុំជាច អស់សំណើច ដោយពួកគាត់រំលឹកថា «បើខ្លួនឯងទំពានដីគេ! គេមិនទាន់ទាំងប្តឹងផង តែមានពលរដ្ឋខ្លះប្តឹងដែរ រឿងដើរកាងបោះបង្គោលព្រំ លើដីគេដូចជានៅដីព្រៃ ជាប់ត្រពាំងវាល ខាងត្បូងភូមិដូនដោក ឬនៅតាមមាត់ស្ទឹងម្តុំទួលផ្តុំ នៅបឹងទួលល្ងោជាដើម តែបើសិនភាគីម្ចាស់គេប្តឹងវិញ តើ លោក ជុំ សុខុន នឹងទទួលទោសតាមច្បាប់ជាមិនខាន ដើម្បីកុំឲ្យបុគ្គលនេះ ធ្វើអ្វីៗតាមអំពើរចិត្តទៀត»។

សម្រាប់ មេឃុំជាច លោក យូ សុង និងសមាជិកក្រុមប្រឹក្សាឃុំ បានព្យាយាមក្នុងការសម្របសម្រួល ភាគីទាំងពីរជាច្រើនដង ប៉ុន្តែលោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា នៅតែមានៈមិនព្រម រួចស្រាប់តែមានសូរស័ព្ទ ប្អូនរបស់ខ្លួនជាប៉ូលិស បានតេមកជាច្រើនដង ដែលគេដឹងថា បុគ្គលនោះ អាងប្អូនរបស់ ជុំ សុខុន ធ្វើការនៅនាយករងពន្ធនាគារ ខេត្តព្រៃវែង ទើបអាងខ្នងធំមិនព្រម ដោះស្រាយដោយសន្តិវិធី។

លោកមេឃុំជាច បានមានប្រសាសន៍ថា លោក ម៉េត ឈុន បានសម្បទានដីធំជាងខាងភាគី ខុន ផល្លា ធ្វើផ្លូវជារបស់សាធារណៈ ដើម្បីប្រើប្រាស់ទូទៅ តែដោយ សារ ខុន ផល្លា ធ្វើរបងដល់ផ្លូវគេសម្បទាននោះ ទើបកើតជាជម្លោះប្តឹង មកសាលាឃុំតែម្តង។

លោកមេឃុំមានប្រសាសន៍ទៀតថា «ក្នុងអាជ្ញាធរយើងខ្ញុំបានព្យាយាម សម្របសម្រួល ២ដងមកហើយ តែខាង ខុន ផល្លា មិនព្រម ទើបឈានដល់តុលាការមិនដឹង អាងខ្នងអ្វីនោះទេ តាមពិតរឿងនេះវាតូចទេ បើព្រមដោះស្រាយគ្នានោះ»។

ពលរដ្ឋជាច្រលននៅភូមិដូនដោកនិយាយថា ថ្មីៗនេះ ប្អូន លោក ជុំ សុខុន គឺ លោក ជុំ សុគុណ ក្រោយបែកធ្លាយព័ត៌មានថា បងបង្កើតរបស់លោក មានជម្លោះដីនោះ បានធ្វើដំណើរមក ភូមិទួលសង្កែ និងភូមិរហាល ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ភ្លាមៗ ដោយនិយាយប្រាប់អ្នកភូមិថា «លោកមកមើលគេរំលោភដីបង ស្រាប់តែភ្លាមៗនោះ ត្រូវបានអ្នកភូមិចំអកថា ជុំ សុខុន មិនដែលគេយកដីគាត់ទេ តែបើគាត់យកដីគេវិញ គឺដូចទំនងជាង»។

ភ្លាមៗនោះ ប្អូន លោក ជុំ សុខុន ដែលគេស្គាល់ថា ជានាយរងបន្ធនាគារ ខេត្តព្រៃវែងបាន ខឹងសម្បាយ៉ាងខ្លាំង រួចឈប់ជួបជុំការទទួលទានអាហារ និងមិត្តភក្តិក្នុងភូមិទួលសង្កែរ ដោយធ្វើដំណើរចូលក្នុងឡានវិញ យ៉ាងលឿនសំដៅទៅខេត្តព្រៃវែងវិញ។

រឿងវិវាទដីនេះ ស្ថិតនៅចំណុចទំនុបកោះក្រវិល ខាងលិចភូមិនដូន ជុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោកចំងាយប្រមាណ ៤០០ម៉ែត្រពីភូមិ ដោយបញ្ហានេះត្រូវបានមន្រ្តីឃុំជាច និងពលរដ្ឋជាច្រើននិយាយថា លោក ជុំ សុខុន និងប្រពន្ធ មិនស្តាប់ការសម្របសម្រួលពីមេភូមិ លោក ស្រី លឹម ឆៃយ៉ាត និងមេឃុំជាច យូ សុង នោះទេ គឺ អាងប្អូនរបស់ខ្លួនជាប៉ូលិស នៅនាយករងពន្ធនាគារខេត្តព្រៃវែង ទើបបានជាធ្វើអ្វីតាមតែអំពើចិត្តដូច្នោះ។

ទាក់ទងនិងរឿងវិវាទនេះ ពលរដ្ឋនៅភូមិដូនដោក និយាយនាពេលថ្មីៗនេះថា ករណីនេះកើតមាន រឿងដីកន្លះម៉ែត្រប៉ុណ្ណោះ ក្នុងព្រំដីរួមជាមួយគ្នា ខណៈលោក ម៉េត ឈុន បានសម្បទានដីពីព្រំប្រមាណ៥ម៉ែត្រ ទុកធ្វើជាចំណីផ្លូវសាធារណៈឲ្យពលរដ្ឋ ប្រើប្រាស់ឆ្លងកាត់ចំនួន៣ភូមិ ក្នុងឃុំជាច ដើម្បីសម្រួលការលំបាក។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនទៀត នៅភូមិដូនដោក និងនៅភូមិរហាល ភូមិកោះខ្ចាយ ក្នុងឃុំជាច ភាគច្រើន មិនគាំទ្រ មិនពេញចិត្តនិងទង្វើរបស់ លោក ជុំ សុខុន នោះទេ ដោយសារតែចូលចិត្តបំពានលើសិទ្ធិអ្នកដទែ ពោលកន្លងមក បានធ្វើរបងព័ទ្ធយកដីកម្មសិទ្ធិអ្នកដទៃ ពិសេសព្រំដីគេ ទាំងខ្លួនគ្មានឯកសារ កាន់កាប់ពីអាជ្ញាធរសោះ រហូតដល់មានពាក្យបណ្តឹងពី ពលរដ្ឋមួយចំនួនប្តឹងបុគ្គលនេះ ទៅសាលាឃុំ ជាច ទៀតផង។

កន្លងទៅមន្រ្តីប៉ុស្តិ៍ឃុំជាចម្នាក់ បានទៅប្រាប់ គ្រួសារ លោក ម៉េត ឈុន និងឲ្យផ្តឹតមេដាយ មិនដឹងជាមូលហេតុអ្វី! ដោយប៉ុលិស ម្នាក់នោះនិយាយថា ទៅតុលាថ្ងៃ២៧ ខែកញ្ញានេះ តុលាការកោះហៅ ទៅ ខេត្តព្រៃវែង ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនទាន់ចាត់ចែងរបៀបវារៈ លើសំណុំរឿងនេះនៅឡើយទេ។

លោកមេធាវីផ្នែកច្បាប់ម្នាក់ បានលើកឡើងថា តាមច្បាប់ ករណីតុលាការកោះហៅ ឬចេញដិកាបង្គាប់ឲ្យចូលខ្លួន ភាគីណាម្នាក់ជាជនសង្ស័យ ឬជនជាប់ចោទ តុលាការត្រូវមានដិការកោះ អញ្ជើញទៅសាមីខ្លួននោះ ទោះជននោះនៅដល់តំបន់ណាក៏ដោយ ដើម្បីសាម៉ីខ្លួនអាចយក ដិការនោះទៅជាមួយ ដើម្បីបង្ហាញតុលាការ។

អ្នកច្បាប់ខាងលើបន្ថែមថា ហេតុដូច្នោះរឿងនេះ ចម្លែកឬមួយមានអ្វីនៅពីក្រោយ ប៉ុន្តែអ្នកច្បាប់ថា ទោះបីអ្នកមានអំណាចធំប៉ុណ្ណាក៏ដោយ បើហ៊ាននៅពីក្រោយនៃរឿងនេះ តែតាមផ្លូវច្បាប់ ករណីតុលាការនឹងពិចារណា លើអង្គហេតុ មិនមែន ចេះតែចាប់ឃុំមនុស្ស តាមអំពើចិត្តនោះទេ។

លោក យូ សុង មេឃុំ ជាច ស្រុកកំចាយមារ ខេត្តព្រែវែង បានទទួលស្គាល់ថា លោក ជុំ សុខុន ធ្លាប់ ត្រូវពលរដ្ឋប្តឹងជាច្រើនដងហើយ មកសាលាឃុំជាច រឿងធ្វើរបងរំលោកលើព្រំដី ពលរដ្ឋនៅខាងត្បូងភូមិ ដូនដោកត្រង់ចំណុច បឹងល្ងរ ហើយកន្លងទៅក៏ស្ងាត់ទៅវិញ ដោយខាងឃុំមិនដោះស្រាយនោះទេ ។

មេភូមិដូនដោកធ្លាប់ប្រាប់ ឈ្មោះ ជុំ សុខុន មិនឲ្យធ្វើរបងនោះទេ ខណៈដែលវិវាទនេះ មិនបានដោះស្រាយចប់ ប៉ុន្តែគាត់ស្តាប់អាជ្ញាធរទេ រហូតធ្វើរបងទាំងសមាជិកភូមិបានដឹង រហូតដល់ឃើញរបងលួស ធ្វើរួច ស្រាប់តែភាគីម្ចាង លោក ម៉េត ឈុន ដកលូសរបងចេញ ដើមដោះស្រាយគ្នា រួចឈានដល់ការប្តឹងគ្នា ទៅសាលាឃុំតែម្តង។

យោងតាមពលរដ្ឋភូមិនដោក និងអ្នកភូមិរហាលនិង អ្នកភូមិ កោះតារ័ត្ន កន្លងទៅក្នុងភូមិដូនដោកនេះបុគ្គល ឈ្មោះ ជុំ សុខុន តែងធ្វើសកម្មភាពបំពានលើដីព្រំ អ្នកដទៃមិនដែលខាននោះទេ ពោលគឺ មិនចេះចប់ មិនចេះហើយ រហូតដល់សព្វថ្ងៃនេះ នៅមានពលរដ្ឋខ្លះកំពុងតែត្រៀម ប្តឹងលោកទៅសាលាឃុំផងដែរ បើមិនទទួលស្គាល់អំពើររបស់ខ្លួន។

មន្រ្តីសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងអាជ្ញាធរភូមិដូនដោកមាន ការអស់សង្ឃឹមលើករណីដី វិវាទតូចតាចមួយនេះ បែរជាមិនសម្របខ្លួន ដោះស្រាយដោយសន្តិវិធី បែរជាបោះសំទូចរំលងភ្នំ មិនឆ្លងកាត់សាលាស្រុកកំចាយមារ រួចបញ្ជូនឯកសារយ៉ាង លឿនទៅតុលាការ មិនស្តាប់ការសម្របសម្រួលពី អាជ្ញធរដែលជាឪពុកម្តាយទៅវិញ ៕

To Top