ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស កាលពីថ្ងៃទី១១ តុលា បានឲ្យដឹងថា ក្រោមមូលបទ «សន្តិសុខ និងការអភិវឌ្ឍប្រកប ដោយចីរភាពនៅអាស៊ី ក្នុងតថភាពថ្មី នៃពិភពលោកក្រោយការ រីករាលដាលនៃជំងឺរាតត្បាត» កិច្ចប្រជុំ នឹងផ្តល់ឱកាសសម្រាប់អ្នកចូលរួម ទាំងអស់ផ្លាស់ប្តូរយោបល់គ្នាអំពី ការពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ CICA ជាពិសេស ការស្តារឡើងវិញក្រោយ វិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
ក្នុងបទអន្តរាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើការកោតសរសើរ ចំពោះដំណើរការ របស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ លោកអាចនឹងលើកឡើងផងដែរពីជំងឺកូវីដ-១៩ និងផលប៉ះពាល់មកលើសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ លោកក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដប្រជា ដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា របស់លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំ បញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងជួយពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងកាហ្សាក់ស្ថាន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ៕