ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលជួបលោកស្រី ប្រធានស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីជួបពិភាក្សាការងារ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញទទួលជួប លោកស្រី Sunniya Durrani-Jamal ប្រធានស្ថាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីជួបពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកស្រី នឹងបញ្ចប់អាណត្តិការងារ នាពេលខាងមុខ ។

លោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឲ្យលោកស្រី និងសហការី បានចូលរួមសំដែងការគួរសម ជម្រាបលា និងរាយការណ៍អំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣ ដើម្បីបន្តរួមចំណែក ជួយដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជម្រុញកំណើន និងនិរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច ។

លោកស្រីប្រធាន បានសង្កត់ធ្ងន់ថា ការបន្តជួយសម្រាប់វិស័យធនធានទឹក ដើម្បីបន្តរួមចំណែកទ្រទ្រង់ ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និង ជាអាទិភាពរបស់ ADB ដែលកិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាព ផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម ដែលផ្នែកទាំងនេះ បានកំណត់ក្នុងយុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។

បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា និងសហការី រួចមក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការរួម ចំណែកប្រកប ដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គម នៃកម្ពុជា រហូតមក ដល់ពេលនេះ ។ សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍ ធនធានទឹក ដូចជាផ្នែកធារាសាស្រ្តជាដើម ។

លោករដ្ឋមន្រ្តី និងលោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានសំដែងនូវការពេញចិត្ត ចំពោះជំនួបដែលបានប្រព្រឹត្ត ទៅក្រោមបរិយាកាសរីករាយ ប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា ។

នៅចុងបញ្ចប់នៃជំនួប លោករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយ ដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍ លើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត ហើយក្រសួង ធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា ប្រកបដោយចីរភាព ៕

To Top