ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះមន្ដ្រីមួយចំនួន ប្រើអំណាចរបស់ខ្លួន ទៅរំលោភកាន់កាប់យកដីរបស់រដ្ឋ ក្នុងខេត្តមណ្ឌលគិរី ធ្វើជាកម្មសិទ្ធិ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តមណ្ឌលគិរីថ្មី នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តមណ្ឌលគិរី សម្ដេច ស ខេង បានរំលឹកថា កន្លងមកក្នុងខេត្តមណ្ឌលគិរី ក៏មានបញ្ហាប្រឈមមួយចំនួន ជាពិសេស បញ្ហារំលោភ និងកាន់កាប់ធនធានធម្មជាតិរបស់រដ្ឋ ហើយក៏បានដោះស្រាយរួចរាល់ហើយដែរ។
សម្ដេច បានបញ្ជាក់ថា «បើយើងមិនបានដោះស្រាយទេ មកដល់ពេលនេះ ប្រហែលជាភាពអាណាធិបតេយ្យ គឺកាន់តែធ្ងន់ធ្ងរឡើង ដែលយើងគ្មានឱកាសដោះស្រាយបាន។ ឥឡូវនេះ តាមដឹងបានដំណើរការ ហើយមន្ដ្រីមួយចំនួន គឺយើងបានដឹងស្រាប់ហើយ មានការសោកស្ដាយណាស់ ដែលមានគហុសឆ្គង់ ទាក់ទងទៅនឹងបញ្ហារំលោភ ប្រើអំណាចដោយរំលោភ ក្នុងការយកដីធ្លី ទ្រព្យសម្បត្តិរបស់រដ្ឋ អាហ្នឹងដោយសារភាពលោភលន់ របស់មន្ដ្រីយើងមួយចំនួន»។
សម្ដេច សង្ឃឹមជឿជាក់ថា អភិបាលខេត្តមណ្ឌលគិរីថ្មី រួមទាំងសហការីទាំងអស់ បន្ដការពារធនធានធម្មជាតិ ព្រោះជាសម្បត្តិរបស់រដ្ឋ ជាពិសេសនោះ ត្រូវគោរពចំពោះដីធ្លីរបស់ប្រជាពលរដ្ឋ ដោយដោះស្រាយត្រឹមត្រូវបំផុត៕