ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ ចំនួន ១០.៧៦៩នាក់ ក្នុងនោះ ចំនួន៣.២១០នាក់ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «លទ្ធផលបណ្តោះអាសន្នថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១) នៅទូទាំងប្រទេស មានដូចជា ៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.៧៦៩នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.២១០នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២.១២៧នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ២.៦៣៣នាក់»៕