ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណ ៩៥,៧ ទ្រីលានរៀល ក្នុងនោះ នាំចេញ មាន ៣៥,២ ទ្រីលានរៀល កើនឡើង ៣,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេល ដែលការនាំចូលមាន ៦០,៥ ទ្រីលានរៀល កើនឡើង ៤៤,៣%។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានរៀបរាប់ថា ទន្ទឹមនេះ ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញមាន សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយាន ទៅកាន់ទីផ្សារចម្បងៗ ដូចជា ៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងសិង្ហបុរី។
ដោយឡែក ផលិតផលនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗ រួមមាន ៖ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារនិងបរិក្ខាសំណង់ យានយន្ត និងម្ហូបអាហារនិងភេសជ្ជៈ មកពីប្រទេសចម្បងៗ ដូចជា ៖ ចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប៕