ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវរៀនសម្របខ្លួន រស់តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សានូវសុវត្ថិភាព ពីការចម្លងលឿនរបស់វីរុសកូវីដ-១៩។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ រួមទាំងរៀនសម្របខ្លួនរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាបាន នៅសុវត្ថិភាព បុគ្គល គ្រួសារ និងសហគមន៍ ពីការចម្លងលឿនរបស់វីរុសកូវីដ-១៩ និងធានានិរន្តរភាពនៃរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មីរបស់យើង»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៥.៦០៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៩.២៩៦នាក់ និងអ្នកស្លាប់ ចំនួន២,៥៥៩នាក់៕