ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមសាព័ត៌មាន កម្ពុជា-ចិន បានសោកស្តាយយ៉ាងខ្លាំង មិនគួរអ្នកដឹកនាំថតបទចម្រៀងកាយវិការដោយបង្កប់ភាពល្ងង់ខ្លៅ ចង់ឱ្យបរទេសស្គាល់ខ្មែរ តាមរបៀបចុងការណុង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ ខ្មែរជាប់ចំណាត់ថ្នាក់ស្នាមញញឹម ល្បីពេញពិភពលោក។ ចុះអ្នកដឹកនាំថតបានតាមដានព័ត៌មាននេះទេ ឬមួយរវល់តែងដឹកនាំ ថតរបៀបភ្លីភ្លើបំផ្លាញកិតិ្តយសខ្មែរ។
លោក បានបញ្ជាក់ថា «យើងទំរាំបានឆ្លងផុត ពីចុងការណុងនេះ ប្រជាជនខ្មែរ ស្លាប់ របួស និង ពិការ រាប់លាននាក់ ប្រទេសហិនហោច ប៊ិះក្លាយជាផ្នែកមួយនៃ សហព័ន្ធឥណ្ឌូចិនបាត់ ទៅហើយ»។
ជាងនេះទៅទៀត លោកក៏បានប្រាប់ទៀតថា ភាពល្បាញល្បីរបស់ខ្មែរ គឺប្រាសាទអង្គរ និងប្រាង្គប្រាសាទជាច្រើនទៀត នៅពាសពេញប្រទេស សម្បតិ្ត វប្បធម៌ ដ៏មហាសាល ជាដេីម។ ជាពិសេស សន្តិភាព មកជំនួសចុង ការណុង។
សូមរំលឹកថា នាពេលថ្មីៗនេះ មានបទចម្រៀងរបស់ក្រុមហ៊ុនមួយ ដែលមានចំណងជើង ជាភាសាអង់គ្លេសថា «Are you Ok?» បានរងការរិះគន់ខ្លាំងពីសាធារណជន។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីបទចម្រៀង «Are you Ok?» បង្ហោះជាសាធារណៈលើបណ្ដាញសង្គម ដោយមានការចែករំលែកតៗគ្នា ក្រោយពីតារាចម្រៀងដែលច្រៀងបទនេះបានយកកាំភ្លើងមកសម្ដែង ភ្ជាប់ជាមួយនឹងការស្លៀកពាក់បែបសិស្សសាលាកូរ៉េ រួមទាំងមានបង្ហាញអក្សរខ្មែរ និងអក្សរកូរ៉េនៅលើក្ដារខៀន៕