ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន ផងដែរ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មបាភ្នំមានជ័យស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «សូមស្នើអង្គការ JICA ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្ត នៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា»។
បន្ថែមពីនេះ លោក ក៏បានស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀត ឲ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការ នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។
លោករដ្ឋមន្ដ្រី បានសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការរួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀតដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍៕