ភ្នំពេញ៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីល្ងាចថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះថា ចំពោះករណីដីចំណីផ្លូវទំនាស់នោះ តាមរបាយការណ៍ លោកមេឃុំជាច រឿងនេះតិចតួចទេគឺ ឈ្មោះ ជុំ សុខុន បានធ្វើរបងចូលដីចិញ្ចឹមផ្លូវលើកទី៣ ជាប់លើដីឈ្មោះ ម៉េត ឈុន តែប៉ុណ្ណឹង គ្មានរឿងអីធំដុំផង ស្រាប់តែ ប្តឹងផ្តល់គ្នា ឡើងទៅ តុលាការខេត្តព្រៃវែង។
លោកអភិបាលស្រុក មានប្រសាសន៍ថា កន្លងទៅលោកមិនបានដឹងដែរ តែលោក បានមើលខាង ព័ត៌មានផ្សាយ លើហ្វេសប៊ុក ទើបឲ្យមេឃុំជាច ធ្វើរបាយការណ៍ ជូនលោក រឿងនេះ មេឃុំជាច បានធ្វើការសម្របសម្រួល ២ឬ៣ដងហើយដែរ ប៉ុន្តែខាងភាគីឈ្មោះ ជុំ សុខុន ដែលធ្វើរបងចូលចិញ្ចឹមផ្លូវ មិនសុខចិត្ត សុំណុំរឿងនេះ មិនបានឆ្លងកាត់សាលាស្រុកនោះទេ ដោយខាងភាគី ជុំ សុខុន ស្នើមេឃុំបញ្ជូនសុំណុំរឿងនេះ ទៅសាលាដំបូងខេត្តព្រៃវែងតែម្តង។
លោក សឿង សុជាតិ បានមានប្រសាសន៍ថា ឥឡូវនេះនីតិវិធីស្រុក ដូចជាមិនមានអ្វីសម្របសម្រួលទេ ព្រោះសុំណុំរឿងនេះបានទៅដល់ដៃតុលាការហើយ ចំណែកលោក ក៏មិនដែលស្គាល់ឈ្មោះ ជុំ សុខុន ដែរ ហើយក៏មិនដឹងថា គាត់មានបងប្អូនធ្វើការ នៅរងពន្ធនាគារខេត្តព្រៃវែងនោះដែរ។
លោកអភិបាលស្រុក បញ្ជាក់ទៀតថា«រឿងនេះ ខ្ញុំមើលតាមរបាយការណ៍របស់លោកមេឃុំជាច លោក យូ សុង រឿងនេះដូចជាមិនធំដុំទេ ព្រោះភាគីម្ខាងឈ្មោះ (ម៉េត ឈុន )មិនចង់ឲ្យខាងឈ្មោះ ជុំ សុខុន ធ្វើរបងចូលមកលើចិញ្ចើមផ្លូវតែប៉ុណ្ណឹង គ្មានរឿងអីធំដុំផង ស្រាប់តែប្តឹងផ្តល់គ្នាឡើងតុលាការ។តាមពិត ខ្ញុំដូចជាមិនយល់ដែរ ហើយភាគីម្ចាងទៀតមិនអាច មកអាស្រ័យផលលើដី បានដែរ ប៉ុន្តែបើភាគី ជុំ សុខុន ដកតែរបងចេញទៅ គ្មានពីណាយកដីនោះ ទៅធ្វើអ្វីកើតដែរ»។
នៅពេលសួរថា តើក្នុងសង្គមយើងបច្ចុប្បន្ន ការប្រើប្រាស់ទឹកលុយ ឬអាងអំណាយបងប្អូន នៅពីក្រោយខ្នង ដើម្បីគៀបសង្កត់លើប្រជាពលរដ្ឋអ្នកទន់ខ្សោយនោះអាចទៅរួចទេ ? លោកអភិបាលស្រុកកំចាយមារ សឿង សុជាតិ បានគូរបញ្ជាក់ថា រឿងនេះជាទំនាស់ដីចំណីផ្លូវតិចតួច គួរតែស្តាប់ការសម្របសម្រួលពីអាជ្ញាធរ ត្រឹមថ្នាក់ភូមិ និងថ្នាក់ឃុំ-ស្រុកបានហើយ ដោយយើងមិនសមបញ្ជូនទៅតុលាការនោះដែរ ម្យ៉ាងទៀតរឿងនេះ ករណី ឈ្មោះ ជុំ សុខុន ទេ ដែលបានលើករបងមកគៀកដីផ្លូវតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍សង្ខេបរបស់ លោក យូ សុង មេឃុំជាច គោរពជូនលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា ដីទំនាស់នោះ ដើមឡើយជាភ្លឺស្រែទេ ក្រោយមកនៅឆ្នាំ១៩៩៨ អ្នកភូមិនមានការលំបាក ក្នុងការធ្វើដមណើរដឹកជញ្ជូនស្រូវ នារដូវធ្វើស្រែ និងប្រមូលផលម្តងៗ បានលើកគម្រោងធ្វើផ្លូវស្បៀងអង្ករពលកម្ម តាមរយៈ ឯកឧត្តម ដោក ណារិន ពេលនោះមេភូមិ លោកបានសុំបរិច្ចាគដីស្រែ ពីម្ចាស់ដី ដើម្បីធ្វើផ្លូវនេះ ឈ្មោះ ម៉េត ឈុន ច្រើនជាង ឈ្មោះ ជុំ សុខុន ក្រោយមកផ្លូវនោះមិនមានទំនាស់កើតឡើងនោះទេ។
របាយការណ៍មេឃុំជាចដដែលបញ្ជាក់ថា លើកទី១ រហូតដល់ឆ្នាំ២០១៩ ឈ្មោះ ជុំ សុខុន បានធ្វើរបងត្រឹមមាត់ប្រឡាយខាងក្រោម គឺឈ្មោះ ម៉េត ឈុន មិនមានការតវ៉ាទេ ។លើកទី២ នៅឆ្នាំ២០២១ ឈ្មោះ ជុំ សុខុន បានរើរបងពីមាត់ប្រឡាយ មកធ្វើនៅពោះប្រឡាយម្តងទៀត ក៏មិនមានការតវ៉ាពី លោក ម៉េត ឈុន ដែរ។ ប៉ុន្តែលើកទី៣ នៅខែ៥ ឆ្នាំ២០២១ លោក ជុំ សុខុន បានរើរបងម្តងទៀត ពីពោះប្រឡាយមកធ្វើនៅលើចិញ្ចើញផ្លូវ ពេលនោះលោក ម៉េត ឈុន បានជំទាស់ឲ្យរើរបងទៅពោះប្រឡាយវិញ ពីព្រោះចិញ្ចើមផ្លូវនេះ ជាដីរបស់ឈ្មោះ ម៉េត ឈុនពីដើម ហើយឈ្មោះ ម៉េត ឈុន ទាមទារនេះ ដើម្បីទុកផ្លូវឲ្យទូលាយ កាលណាធ្វើរបងឡើង មកលើចិញ្ចើមផ្លូវបែបនេះ ធ្វើឲ្យផ្លូវចង្អៀត។
លោក យូ សុង មេឃុំជាច និងអ្នកស្រី លឹម ឆៃយ៉ាត មេភូមិដូនដោក បានលើកឡើងប្រហាក់ប្រហែលគ្នាថា ករណីនេះ កើតមានដោយសារតែរឿងដី ធ្វើរបងនៅខាងលិចភូមិដូនដោយ ត្រង់ម្តុំទំបន់កោះក្រវិល ខាងលិចភូមិ បញ្ហាត្រង់ថា«លោក ម៉េត ឈុន បានសម្បទានដីរបស់គាត់ ជាចំណីផ្លូវប្រមាណ៥ មែត្រហើយ ជាប់ដីព្រំចាស់ជាមួយលោក ជុំ សុខុន ដើម្បីសម្រួលដល់ ប្រជាពលរដ្ឋបានប្រើប្រាស់ និងធ្វើដំណើរឆ្លងកាត់ជាច្រើនភូមិ។
លោកមេឃុំជាចបានបន្ថែមថា លោក ម៉េត ឈុន បានសម្បទានដីធំជាងខាងភាគី ខុន ផល្លា ធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ទូទៅ តែដោយ សារ ខុន ផល្លា ធ្វើរបងដល់ផ្លូវគេសម្បទាននោះ ទើបកើតជាជម្លោះប្តឹងមកសាលាឃុំតែម្តង។
កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ លោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា បានដាក់ពាក្យបណ្តឹងទៅសាលាឃុំជាច ប្តឹងលោក ម៉េត ឈុន អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ គង់ ណុន អាយុ៥០ឆ្នាំ និងកូនឈ្មោះ ឈុន ជាថា ពីបទ«គំរាមរារាំងនិង បំផ្លាញកម្មសិទ្ធិឯកជន» និងទារសងជំងឺចិត្តចំនួន ៦លានរៀលគត់។
ប្រជាពលរដ្ឋនៅភូមិដូនដោក បាននិយាយថា« លោក ជុំ សុខុន និងប្រពន្ធ អាងខ្នងប្អូនជានាយរងពន្ធនាគារខេត្តព្រៃវែង ទើប ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹង លោក ម៉េត ឈុន អ្នកភូមិនជាមួយគ្នា ទៅតុលាការ ហើយមិនស្តាប់ការដោះស្រាយ ឬសម្របសម្រួលពីអាជ្ញាធរ ដែលជាម្តាយឪពុកនោះទេ។
ក្រុមប្រជាពលរដ្ឋខាងលើ លើកឡើងថា«បើខ្លួនឯងទំពានដីគេ! គេមិនទាន់ទាំងប្តឹងផង តែមានពលរដ្ឋខ្លះប្តឹងដែរ រឿងដើរកាងបោះបង្គោលព្រំលើដីគេ ដូចជានៅដីព្រៃ ជាប់ត្រពាំងវាល ខាងត្បូងភូមិដូនដោក ឬនៅតាមមាត់ស្ទឹងម្តុំទួលផ្តំ នៅបឹងទួលល្ងោជាដើម តែបើសិនភាគីម្ចាស់គេប្តឹងវិញ តើ លោក ជុំ សុខុន នឹងទទួលទោសតាមច្បាប់ជាមិនខាន ដើម្បីកុំឲ្យបុគ្គលនេះ ធ្វើអ្វីៗតាមអំពើរចិត្តទៀត។
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនទៀតនៅភូមិដូនដោក និងនៅភូមិរហាល ភូមិកោះខ្ជាយ ក្នុងឃុំជាច បាននិយាយថា ភាគច្រើនពួកគាត់ មិនគាំទ្រ មិនពេញចិត្តនិងទង្វើ លោក ជុំ សុខុន នោះទេ គឺចូលចិត្តបំពានលើដី កម្មសិទ្ធិអ្នកដទែ នៅខាងត្បូងត្រពាំងវាល និងលើបឹងល្ងរ ពោលកន្លងមក ធ្លាប់យកដើមអាកាស្យា ទៅដាំលើ ដីប្រជាពលរដ្ឋមួយចំនួន រួចធ្វើរបងលើដី កម្មសិទ្ធិអ្នកដទៃ ជាពិសេសព្រំដីគេ រហូតដល់មានពាក្យបណ្តឹង ពីពលរដ្ឋ មួយចំនួនប្តឹងបុគ្គលនេះ ទៅសាលាឃុំ ជាច ទៀតផង៕
អត្ថបទ៖ សារព័ត៌មាន ដេលីខ្មែរ