ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យស្មៀនឃុំ-សង្កាត់ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្ដើមពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ តុលា នេះបានឲ្យថា ស្មៀនឃុំ-សង្កាត់ នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតឆ្នាំ២០២១ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោតឆ្នោត ដែលបានកំណត់។
ក្រសួង បានបញ្ជាក់ថា «ស្មៀនឃុំ-សង្កាត់ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន»។
ក្រសួង បានបន្ដថា ករណីស្មៀន ឃុំ-សង្កាត់ អវត្តមានមិនអាចបំពេញការងារបាន សាមីខ្លួនត្រូវរាយការណ៍ជូនមេឃុំ-សង្កាត់ និងត្រូវស្នើសុំច្បាប់ឈប់សម្រាកស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់៕




