ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានផ្តល់បច្ចេកទេសអំពី ការសាងសង់លំនៅឋានចំនួន៣៩២ ករណី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយភ្ជាប់នូវគំនូស ប្លង់ស្ថាបត្យកម្មខ្មែរ ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ តុលា អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ក្រុមការងារនាយកដ្ឋាន រៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេស អំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ។ ជាក់ស្តែងចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លិខិតអនុញ្ញាតសាងសង់ ចំនួន៣៩២ករណី ដោយមានភ្ជាប់នូវ គំនូសប្លង់ស្ថាបត្យកម្មខ្មែរ ត្រូវបានចេញជូនប្រជាពលរដ្ឋ សម្រាប់ធ្វើការសាងសង់»។
អាជ្ញាធរជាតិអប្សរា ក៏បានរៀបរាប់ថា ការអនុញ្ញាតនោះ រួមមាន៖ ខែមករា អនុញ្ញាត ចំនួន៦១ករណី, ខែកុម្ភៈ អនុញ្ញាត ចំនួន៧៣ករណី, ខែមីនា អនុញ្ញាត ចំនួន៣៩ករណី, ខែមេសា អនុញ្ញាត ចំនួន៣៣ករណី, ខែឧសភា អនុញ្ញាត ចំនួន៤៨ករណី, ខែមិថុនា អនុញ្ញាត ចំនួន១៣ករណី, ខែកក្កដា អនុញ្ញាត ចំនួន៤១ករណី, ខែសីហា អនុញ្ញាត ចំនួន៥៥ករណី និងខែកញ្ញា អនុញ្ញាត ចំនួន២៩ករណី ផងដែរ។
អាជ្ញាធរជាតិអប្សរា បានបន្ដថា ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយ ក្រុងសៀមរាប ច្រកចេញតែមួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែមួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្ម នៃអាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ថា ករណីប្រជាពលរដ្ឋបានបំពេញ គ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរា នឹងផ្តល់នូវលិខិតអនុញ្ញាតឲ្យសាងសង់ ព្រមទាំង គូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅ ធ្វើយ៉ាងណាឲ្យការសាងសង់ នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថ ផ្ទះខ្មែរបុរាណទៀតផង ៕