ភ្នំពេញ៖ កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាព នៅក្នុងច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញការវិនិយោគ ប្រកបដោយចីរភាពបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងវេទិកាវិនិយោគពិភពលោក ឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវិដេអូ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ CDC បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការវិនិយោគ ប្រកបដោយចីរភាព។
លោកបានបន្ដថា «ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាព នៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការ លើកទឹកចិត្តឆ្លាតវៃ ត្រូវបានដាក់បញ្ចូលនៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកប ដោយចីរភាពបន្ថែមទៀត មកកាន់ ព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ថែមថា ឆ្នាំនេះ កម្ពុជាបានដាក់ឲ្យដំណើរការ ប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ ដោយចីរភាព (https://sd2.cdc.gov.kh) ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។
លោកបញ្ជាក់ថា វិនិយោគិនអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុក កំពុងប្រតិបត្តិការដែលការពារបរិស្ថាន សម្រេចបានគោលដៅយេនឌ័រ និងផ្តល់ការបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍជំនាញ។ ប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ៕