ភ្នំពេញ ៖ លោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងនៅថ្ងៃ២០ តុលា ថា ការដាក់បញ្ចូលអណ្តើកហ្លួង ជាសត្វនិមិត្តរូបតំណាងឲ្យជាតិកម្ពុជា ដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពី មរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវ មោទកភាពជាតិផងដែរ។
អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូប តំណាងឲ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
បើតាមលោក នេត ភត្រា បច្ចុប្បន្នកូនអណ្តើកហ្លួងជាង ៤៥០ក្បាល បានស្ថិតក្នុងការចិញ្ចឹមក្នុងមជ្ឈ មណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូន ក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះ ស្ថិតក្នុងវ័យជំទង់ចំនួន ៨៦ក្បាលទៀត ត្រូវបានព្រលែងឲ្យទៅ រស់នៅតាមបែបធម្មជាតិ។
លោកថា អណ្តើកហ្លួងជាប្រភេទសត្វល្មូន ដែលស្ថិតក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិហៅកាត់ (IUCN) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង ២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេ នៅលើភពលោក។ អណ្តើកហ្លួងត្រូវបានគេជឿថា បាត់ពូជ តែនៅអំឡុងឆ្នាំ២០០០ មន្ត្រីជំនាញនិងអង្គការ WCS បានរកឃើញវត្តមានឡើងវិញ។
លោកបន្តថា អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែង ដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី, ការដាក់សន្ទូច, ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញ ទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួង កាន់តែថយចុះយ៉ាងខ្លាំងដែល អាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ។
អណ្តើកហ្លួងទាំងពីរក្បាល លោកបង្ហាញនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់ របស់វាត្រូវបានប៉ាន់ស្មានថា មានជាង ១០០ឆ្នាំឡើងទៅ។ អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់ ៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ ៤៩សង្ទីម៉ែត្រ៕