ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច ឲ្យពន្លឿងការសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប

ភ្នំពេញ ៖ ខណៈប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-ឆ្នាំ ២០៣៥ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ បានណែនាំឲ្យអ្នកពាក់ព័ន្ធ ពនឿនការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើន សមត្ថភាពផ្ទុកអ្នកដំណើរ តាមផ្លូវអាកាស មកកាន់គោលដៅខេត្តសៀមរាប ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ។

ក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្ត ផែនការ មេអភិវឌ្ឍន៍ទេសខេត្តសៀមរាប ឆ្នាំ២០២១-២០៣០ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញបញ្ចប់គម្រោង កែលម្អផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប រួមជាមួយការរៀបចំបន្ថែម នូវផ្លូវថ្មើរជើង ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ម៉ូតូ ផ្លូវជិះកង់ បង្គោល និងអំពូលភ្លើងបំភ្លឺសាធារណៈ រួមទាំងសម្បទាអមសងខាងផ្លូវ ។

លោកបន្ដថា ក្រសួង-ស្ថាប័ន និងអាជ្ញាធរ ត្រូវការពនឿន ការអភិវឌ្ឍ កំពង់ផែចុងឃ្នាស ឲ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយគិតគូរលើការបំពាក់ សម្បទាទ្រទ្រង់សេវាកម្ម និងផលិតផល ទេសចរណ៍ថ្មីៗបន្ថែម ។

លោកបញ្ជាក់ថា «ពនឿននូវការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដើម្បីឈានទៅបង្កើន សមត្ថភាពផ្ទុកសម្រាប់អ្នកដំណើរ តាមផ្លូវអាកាសមកកាន់គោលដៅខេត្តសៀមរាប» ។

លោកបន្ថែមថា ក្រសួង-ស្ថាប័ន ត្រូវលើកទឹកចិត្តដល់ការបន្ត ខិតខំអភិវឌ្ឍន៍ក្រុងសៀមរាប និង គោលដៅអាទិភាពទាំងអស់ជា «ក្រុងទេសចរណ៍ឆ្លាត» និង «គោលដៅទេសចរណ៍ឆ្លាត» សំដៅលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ ស្របតាមចក្ខុវិស័យ នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅអភិវឌ្ឍនៅក្នុងក្រប ខណ្ឌអាស៊ាន ទាំងលើទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថានជាដើម ។

លោក អូន ព័ន្ធមុនីរ័ត្នថា អាជ្ញាធរត្រូវពង្រឹងការគ្រប់គ្រង លំហូរភ្ញៀវក្នុងតំបន់អង្គរ ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ជំរុញពិពិធកម្ម និង ផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ នៅក្នុងតំបន់អង្គរ ដូចជា ការរៀបចំទេសភាពបៃតង នៅក្នុងតំបន់ប្រាសាទជាដើម ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមឲ្យបានសកម្មប្រកប ដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឲ្យបានសម្រេចជោគជ័យ សំដៅចូលរួមស្តារអនាគត នៃវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ៕

To Top