នយោបាយ

នាវាចម្បាំងអូស្ដ្រាលី បញ្ចប់បេសកកម្ម ប្រតិបត្តិការ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឆ្នាំ២០២១ លើទឹកដីកម្ពុជា (Video)

ភ្នំពេញ៖ យុទ្ធសាស្រ្ត ប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់និងពិភពលោក ពីសំណាក់សម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានប្រទេស៤ ជាក្បាលម៉ាស៊ីន (អាមេរិក-អូស្រ្តាលី-ឥណ្ឌា-ជប៉ុន) ដោយប្រទេសនីមួយៗ មានតួនាទីក្នុងការឃ្លាំមើល សកម្មភាពចិន រៀងៗខ្លួន។

សូមរំលឹកថា ក្នុងអាណត្តិ អតីតប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូ ណាត្រាំ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងដាក់ណាង ភាគកណ្ដាលប្រទេសវៀតណាម ដែលមាន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុននិងអូស្ដ្រាលី ដើម្បីទប់ទល់ទៅនឹង នយោបាយ BRI របស់ចិន ។

ជាក់ស្ដែងប៉ុន្មានថ្ងៃ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើការកកូរឡើងវិញ ជុំវិញបញ្ហាកំពង់ផែរាម ក្នុងខេត្តព្រះសីហនុ ស្រាប់តែនាវាចម្បាំង របស់កងទ័ពជើងទឹកអូស្រ្តាលី ដែលជាសម្ព័ន្ធរបស់ខ្លួន បានចូលសុំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។ នាវាចម្បាំង ក៏បាននាំមកនូវ សម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥។

ក្នុងកំឡុងនៃដំណើរទស្សនកិច្ចនេះ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា បានលើកឡើង ដោយដាក់ក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ច នាវាជើងទឹកអូស្ត្រាលី HMAS Anzac លើទឹកដីកម្ពុជា នឹងកើតមានជាទៀងទាត់ ក្រោយខនខានជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦។

លោកPablo Kang ថា «អូស្ត្រាលីនិងកម្ពុជា មានភាពជាដៃគូបន្តយូរអង្វែងមកហើយ ដូចគ្នានេះដែរ ទំនាក់ទំនងការពារជាតិ របស់ប្រទេសទាំងពីរ ក៏មានមូលដ្ឋានយ៉ាងរឹងមាំផងដែរ»។

លោកទូត បញ្ជាក់ថា «នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦មក ដែលនាវាកងទ័ពជើងទឹក អូស្រ្តាលី បានចូលសំចត នៅកំពង់ផែ ក្នុងប្រទេសកម្ពុជា»។

លោក Pablo Kang សង្ឃឹមថា ដំណើរទស្សនកិច្ចទាំងនេះ នឹងកើតមានជាទៀងទាត់ ដែលជាផ្នែក នៃការចូលរួមការពារជាតិទ្វេភាគី រវាងប្រទេសទាំងពីរ។

លោក Pablo Kang បានឱ្យដឹងផងដែរថា ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលា តាមប្រព័ន្ធអនឡាញមួយ ស្ដីពីស្ត្រីសន្តិភាពនិងសន្តិសុខ ជាមួយអ្នកតំណាង ខាងកងយុទ្ធពលខេមរៈភូមិន្ទ ផងដែរ ដែលជាមូលដ្ឋាន សម្រាប់ការគាំទ្រ គោលនយោបាយ និងហិរញ្ញវត្ថុ របស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកា ស្តីពីស្ត្រីសន្តិភាពនិងសន្តិសុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួងកិច្ចការនារី របស់ប្រទេសកម្ពុជា បានរៀបចំធ្វើកាល ពីសប្តាហ៍មុន ។

មិនភ្លេច ខួប៣០ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស លោកទូតបញ្ជាក់ថា «ទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍ នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយ ផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្ស នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ នាំមកអាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិ ក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលី ជាវីរបុរសនិងស្ត្រី ជាច្រើនរូបបានចូលរួមបំពេញការងារ ប្រកបដោយកិត្តិយស» ។

លោក Pablo Kang បានថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រ កិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ក្នុងការដោះស្រាយជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានឱ្យដឹងថា «នាវា HMAS Anzac បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីម្សិលមិញ ខណៈដែលកិច្ចខិតខំប្រឹងប្រែង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក IndoPacificEndeavour នៅកម្ពុជា បានបញ្ចប់សម្រាប់ឆ្នាំ ២០២១ ។ អូស្ត្រាលីសូមអរគុណដល់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះទទួលនាវា ក្នុងរយៈពេលបីថ្ងៃនេះហើយ យើងរីករាយ ដែលអាចពង្រឹងការចូលរួមរបស់យើង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនិងកងទ័ពជើងទឹក»៕

To Top