ព័ត៌មានអន្តរជាតិ

ជប៉ុន-បារាំង ព្រមព្រៀងពង្រឹង កិច្ចសហប្រតិបត្ដិការក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក

តូក្យូ៖ ប្រទេសជប៉ុន និងបារាំង បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃកិច្ចការនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដោយសារតែឥទ្ធិពលយោធារបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់។

ក្នុងអំឡុងពេលកិច្ចពិភាក្សានិម្មិត ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិមកពីប្រទេសនីមួយៗ អ្នកទាំងពីរក៏បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចផ្លោងរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ដែលជាលើកទី៤ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខ “ពីរបូកពីរ” របស់ពួកគេថា “រដ្ឋមន្ត្រីទាំង៤ រូបបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់ឥណ្ឌូប៉ាស៊ីហ្វិក ផ្អែកលើច្បាប់ សេរី និងបើកចំហ” ។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ Nobuo Kishi រួមជាមួយសមភាគីបារាំងរៀងៗខ្លួន Jean-Yves Le Drian និង Florence Parly។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីទាំង៤ បានចែករំលែក “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” លើស្ថានភាពកិច្ចការនៅសមុទ្រចិនខាងកើត និងខាងត្បូង ដោយសំអាងលើការអះអាងកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងដែនទឹកក្បែរៗនោះ រួមទាំងជុំវិញប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុន ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន និងហៅថាកោះដាយយូ។

សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់”។ ប្រទេសជប៉ុន បាននិងកំពុងលើកកម្ពស់ចក្ខុវិស័យនៃ “ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” ដែលជាការប្រឆាំងទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន និងការកើនឡើងនៃការអះអាងដែនសមុទ្ររបស់ខ្លួន៕

ដោយ ឈូក បូរ៉ា

To Top