ព័ត៌មានជាតិ

ធនាគារជាតិ បន្ដគាំទ្រយកចិត្តទុកដាក់ ការស្នើសុំរបស់គ្រឹះស្ថានធនាគារ នូវសេវាប៊េងកាសួរេន

ភ្នំពេញ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ធនាគារជាតិ នឹងបន្ដគាំទ្រ យកចិត្តទុកចំពោះការស្នើសុំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្ដល់សេវាប៊េងកាសួរេន ព្រមទាំង ពង្រឹងការត្រួតពិនិត្យ គ្រឹះស្ថានធនាគារ។

សូមជម្រាបថា ប៊េងកាសួរេន សំដៅដល់កិច្ចសហការរវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង ក្នុងការចែកចាយ និងផ្សព្វផ្សាយផលិតផលធានារ៉ាប់រង តាមរយៈការប្រើប្រាស់ បណ្តាញរបស់គ្រឹះស្ថាន។ ទន្ទឹមនេះ គាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាធានារ៉ាប់រង ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវប្រកាសស្តីពី លក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ក្នុងគោលដៅកំណត់ក្របខណ្ឌ បទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រោមឱវាទរបស់ធនាគារជាតិនៃកម្ពុជា ដែលមានបំណងប្រកប អាជីវកម្មប៊េងកាសួរេន អាចផ្តល់សេវាប៊េងកាសួរេន ទៅកាន់អតិថិជនរបស់ខ្លួន ក្រោមរូបភាពជាម៉ូលឌែល ណែនាំអតិថិជន ឬម៉ូឌែលភ្នាក់ងារ។

ក្នុងសិក្ខាសាលាស្ដីពី «អត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាធានារ៉ាប់រង» នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា «ដោយមើលឃើញពីសារៈសំខាន់ នៃការផ្តល់សេវាប៊េងកាសួរេន ក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងជំរុញកម្រិតបរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនាមជា អាជ្ញាធរត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា នឹងបន្តគាំទ្រនិងយកចិត្ត ទុកដាក់ចំពោះការស្នើសុំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាប៊េងកាសួរេន ព្រមទាំងពង្រឹងការត្រួតពិនិត្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់ សេវាប៊េងកាសួរេន ផ្ដល់កិច្ចគាំពារអតិថិជន និងបង្ការហានិភ័យផ្សេងៗ ក្នុងគោលដៅធានា និរន្តរភាពនៃការផ្តល់ សេវាប៊េងការសួរេន និងស្ថិរភាពវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល»។

នាឱកាសនោះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជឿជាក់ថា ការអនុញ្ញាតិពីនិយ័តករទាំងពីរ ក្នុងដំណើរការប៊េងការស៊ួរេន បានកំពុងជំរុញដល់ការទទួល បាននូវសេវាធានារ៉ាប់រង ពិសេសធានារ៉ាប់រងខ្នាតតូចដល់ ប្រជាពលរដ្ឋទូទៅ ជាពិសេសតាមទីជនបទ។ ការអនុញ្ញាតឲ្យ បុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានការបណ្តុះបណ្តាល ត្រឹមត្រូវច្បាស់លាស់ អាចមានលទ្ធភាពលក់សេវាធានារ៉ាប់រង ដោយផ្ទាល់ នឹងចូលរួមកាត់បន្ថយថ្លៃប្រតិបត្តិការ ក៏ដូចជាជម្រុញការទទួលបានសេវាធានារ៉ាប់រង កាន់តែទូលំទូលាយ ផងដែរ។

ដោយឡែក លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ នឹងបានស្វែងយល់បន្ថែម អំពីទិដ្ឋភាពនៃបទប្បញ្ញត្តិ និងការត្រួតពិនិត្យ, ការប្រព្រឹត្តទៅនៃទីផ្សារធានារ៉ាប់រង, ទស្សនទានទូទៅនៃហានិភ័យ និងការធានារ៉ាប់រង ទិដ្ឋភាពនៃការ ប្រើប្រាស់ផលិតផលធានារ៉ាប់រង។

ឆ្លៀតឱកាសនោះដែរ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននិងកំពុង ដើរតួនាទីជាសមាសភាគ មួយដ៏សំខាន់ក្នុងការទ្រទ្រង់ វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច។ ជាមួយនឹង ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា៕

To Top