ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) សហការជាមួយ មូលនិធិសន្តិភាព អភិវឌ្ឍន៍ប្រទេសចិន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOM បាននិងកំពុង បន្ដរៀបចំសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេស មេគង្គ-ឡានឆាង (កម្ពុជា) ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ តុលា ខាងមុខ ។
សិក្ខាសាលានេះ មានការអញ្ជើញ ចូលរួមជាវាគ្មិនពីតំណាងក្រសួង សុខាភិបាល, ក្រសួងព័ត៌មាន និងរាជ្យបណ្ឌិតសភាកម្ពុជា ព្រមទាំង តំណាងពីអ្នកជំនាញ មកពីខេត្តយូណាន ប្រទេសចិន, តំណាងទូរទស្សន៍រដ្ឋ ចិន CCTV។ សិក្ខាសាលានេះ ក៏បានចូលរួមចំណែក ចែករំលែកនូវ បទបង្ហាញទស្សនៈ ក៏ដូចជា បទវិភាគរបស់វាគ្មិន នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ក្រោមក្របខណ្ឌ ប្រទេសមេគង្គ-ឡានឆាង។
សិក្ខាសាលានេះ មានបំណង រួមចំណែកលើកស្ទួយ ក៏ដូចជាការពង្រឹងសមត្ថភាព បន្ថែមដល់អ្នកកាសែតកម្ពុជា ក្នុងក្របខណ្ឌប្រទេស ទន្លេមេគង្គឡានឆាង ដែលក្នុងនោះ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) បានសហការជាមួយ នឹងមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍ នៃប្រទេសចិន ។
សម្រាប់សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ជាលើកដំបូងហើយ ដែលបានរៀបចំនូវសិក្ខា សាលាជាន់ខ្ពស់ ដោយមានកិច្ចសហការ ពីមូលនិធិសន្តិភាពនិង អភិវឌ្ឍន៍នៃប្រទេសចិន នៅក្នុងការពង្រីកទំនាក់ទំនងបន្ថែម រវាងក្របខណ្ឌ នៃអង្គការសមាគមទាំងពីរ នៅក្នុងការលើកកម្ពស់ការ រួមចំណែកដល់ការពង្រឹង សមត្ថភាពចំណេះដឹង ដល់សិក្ខាកាមជាអ្នកសារព័ត៌មាន ដែលបាននិងកំពុងប្រកបអាជីព នៅក្នុងរាជាណាចក្រកម្ពុជា និងនៅក្នុង សាធារណៈរដ្ឋប្រជាមានិតចិន ៕