DAP News

ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាស្ថាប័នជំនាញ ពិនិត្យបើកជើងហោះហើរ ជាមួយប្រទេសមួយចំនួន ឡើងវិញ ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគ មកកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវពិនិត្យមើលលទ្ធភាព ក្នុងការបើកជើងហោះហើរឡើងវិញ ជាមួយថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា ឲ្យកាន់តែច្រើន បន្ថែមទៀត។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ប្រទេសមួយចំនួន មិនមានទំនាក់ទំនងផ្លូវអាកាសជាមួយកម្ពុជា តែមានប្រទេសផ្សេងៗទៀត មានទំនាក់ទំនងផ្លូវអាកាសជាមួយកម្ពុជា ហើយកម្ពុជាខ្លួនឯង ជាអ្នកបិទមិនឲ្យហោះហើរដោយសារជំងឺកូវីដ-១៩ ផ្ទុះខ្លាំង តាមបណ្ដាប្រទេសមួយចំនួន ដូចជា ៖ ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន ជាដើម។

សម្ដេចតេជោ បានឲ្យដឹងទៀតថា ចាប់ផ្ដើមការហោះហើរពីថៃមកកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ព្រោះថៃចាប់ផ្តើមបើកឲ្យកម្ពុជា ចូលប្រទេសរបស់គេ ដោយមិនបាច់ធ្វើចត្តាឡីស័ក ផងដែរ។ សម្ដេចថា បច្ចុប្បន្ន ការហោះហើរ ចេញ-ចូល មកកម្ពុជា មានដូចជា ៖ សិង្ហបុរី, ចិន និងកូរ៉េខាងត្បូង។

សម្ដេចតេជោ មានប្រសាន៍ថា «ហើយក៏ត្រូវពិនិត្យមើលអំពីលទ្ធភាព នៃការបើកឡើងវិញ នូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយ នៃឥណ្ឌូនេស៊ី និងហ្វីលីពីន មកកម្ពុជាវិញផងដែរ ។ យើងបានធ្វើការគ្រប់គ្រងល្អហើយ សម្រាប់ព្រលានយន្តហោះរបស់យើង ហើយយើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើចត្តាឡីស័ក ដែលអាចជាផ្នែកនៃការទាក់ទាញ ហើយនឹងឈានដល់ការរៀបចំបើកឡើងវិញ នូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង»។

សម្ដេចតេជោ បានបញ្ជាក់ថា ទាំងនេះ គឺជាការគិតគូ ដើម្បីឲ្យកម្ពុជាចក្ខុវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ច ព្រោះពេលបុណ្យភ្ជុំបិណ្ឌ បានអនុវត្តឲ្យប្រជាពលរដ្ឋដើរកម្សាន្ដទូទាំងប្រទេស ហើយមិនមានការផ្ទុះជំងឺកូវីដ-១៩ ឡើយ ទាំងនេះជាបទពិសោធន៍របស់កម្ពុជា ផងដែរ។

សូមរំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះថា បណ្ដាប្រទេសមួយចំនួន មានការផ្ទុះជំងឺកូវីដ-១៩ ខ្លាំង ទើប កម្ពុជាបិទជើងហោះហើរជាបណ្ដោះអាសន្ន៕

To Top